ខេត្តមណ្ឌលគិរី៖ នៅមិនដល់មួយខែទៀតទេ ពិធីបុណ្យឆ្លងឆ្នាំនឹងមកដល់ ដែលមានបងប្អូនប្រជាពលរដ្ឋមួយចំនួននឹងចាកចេញទៅឆ្លងឆ្នាំនៅតាមរម្យ នីដ្ឋាន នៃបណ្តាលខេត្តនានា។ សម្រាប់ខេត្តមណ្ឌលគិរី សមត្ថកិច្ចនគរបាលនៃស្នងការការដ្ឋាននគរបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរដែលមកកម្សាន្តនៅថ្ងៃឆ្លងឆ្នាំ។
លោក តូច យ៉ុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ថា សម្រាប់ក្នុងថ្ងៃឆ្លងឆ្នាំខាងមុខនេះ លោកបានត្រៀមកម្លាំងរួចរាល់ហើយក្នុងការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត។ លោកថា កម្លាំងនឹងត្រូវដាក់ពង្រាយនៅតាមសណ្ឋាគារធំៗ ក៏ដូចជាតាមរមនីយដ្ឋាននានា ដើម្បីធានាការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្ត ក្នុងពិធីឆ្លងឆ្នាំសកលខាងមុខ មិនឲ្យព្រួយបារម្ភពីសន្តិសុខនោះឡើយ។
លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ការការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនេះ គឺលោកតែងតែគិតគូរជាប្រចាំ មិនថាតែថ្ងៃពិធីបុណ្យឆ្លងឆ្នាំសាកលនាពេលខាងមុខនោះទេ សូម្បីតែថ្ងៃធម្មតា ក៏លោកតែងតែចាត់កម្លាំងឲ្យចុះល្បាតជាប្រចាំ ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅមកលើសមត្ថកិច្ច ក្នុងការថែរក្សាសុវត្ថិភាពជូនពួកគាត់។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺស្ថិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា ខេត្តនេះ សំបូរទៅដោយរមណីយដ្ឋានធម្មជាតិជាច្រើន ដូចជារមណីយដ្ឋានឆ្នេរទន្លេ ចំការស្រល់ ដែនជម្រកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ ពិសេសសម្រាប់ខេត្តនេះ គឺទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើនកន្លែង ដូចជាទឹកជ្រោះប៊ូស្រា ដែលជាទឹកជ្រោះធំជាងគេនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ ហេង សូរិយា