(វិភាគ) បើសង្គ្រាមលោកលើកទី៣កើតឡើង អាចកើតចេញពីសង្គ្រាមសាសនាឬ?

ចែករំលែក៖

ក្រោយពេលមានការវាយប្រហារ​ជាច្រើនលើកកើតឡើង នៅជុំវិញពិភពលោក ពាក់ព័ន្ធទៅនឹងសាសនា បានបង្កក្តីបារម្ភយ៉ាងខ្លាំង​ពីសង្គ្រាមសាសនា ជាទ្រងទ្រាយធំកើតឡើង ក្លាយជាសង្គ្រាម លោកលើកទីបី  ។

ជាក់ស្តែង ការវាយប្រហារភេរវកម្មនៅក្នុងព្រះវិហារសាសនាអិស្លាមនៅក្នុងទឹកដីញ៉ូវហ្សឺឡែន បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ ចំណែកការវាយប្រហារនៅក្នុងប្រទេសស្រីលង្កា គឺសម្តៅទៅលើ សាសនាកាតូ លិច សម្លាប់មនុស្ស ជាង ២៥នាក់និងជាង​៥០០នាក់រងរបួស ត្រូវបានក្រុមភេរវកម្មប្រកាសថាគឺជាការវាយប្រហារសងសឹក​ ទៅលើ ការវាយប្រហារនៅញ៉ូវហ្សឺឡែន​។

ក្រៅពីនេះនៅមានការវាយប្រហារជាច្រើន លើកកើតឡើងនៅអាមេរិក ហើយការវាយប្រហារ គឺស្ថិតនៅតាមព្រះវិហារ ដូចគ្នា ។ កាលពីថ្ងៃទី​២៨ខែមេសានេះ  យុវជនអាយុ​១៩ឆ្នាំបានបើកការបាញ់ប្រហារទៅលើព្រះវិហារ ជនជាតិជ្វីហ្វ​​ Chabad នៅទីក្រុង​ Poway ​រដ្ឋកាលីហ្វ័នីញ៉ា​បណ្តាលឲ្យមនុស្សម្នាក់ស្លាប់​និង​៣នាក់រងរបួស​។

កាលពីថ្ងៃទី​២៧ខែតុលាឆ្នាំ​២០១៨ ក៏មានការវាយប្រហារទៅលើព្រះវិហារ​ជនជាតិជ្វីហ្វ​នៅទីក្រុង​ Pittsburgh  រដ្ឋ​ Ptnnsylvania បណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ ។ក្រោយមក ក៏មាន ការដុតព្រះវិហារអ៊ីស្លាម នៅតំបន់​ Escondido នៅកាលីហ្វ័រញ៉ា ។

ការវាយប្រហារជាបន្តបន្ទាប់ ពាក់ព័ន្ធនិងសាសនា បង្កក្តីបារម្ភយ៉ាងខ្លាំង​ ពីសង្គ្រាមជាទ្រងទ្រាយធំកើតឡើង ក្លាយជាសង្គ្រាម លោកលើកទីបី ។

ចំណែកសង្គ្រាមលោកលើកទី​១ និងលោកទីពីរ កើតឡើង​ ដោយកតាអ្វី​​ ខាងក្រោមនេះគឺជា​ជ្រុងមួយនៃ ប្រវត្តិសាស្ត្រ​ពិភពលោក ។ តើហេតុអ្វីបានជាសង្គ្រាមលោកលើកទី១ និងទីពីរកើតឡើង ។

សង្គ្រាមលោកលើកទី១ មានរយៈពេលពីឆ្នាំ១៩១៤ ដល់ ១៩១៨។ ដើមឡើយសង្គ្រាមនេះត្រូវបានគេហៅថា “The Great War” តែក្រោយមានសង្គ្រាមលោកលើកទី 2 គេក៏ចាប់ផ្ដើមហៅ “The Great War” ថាសង្គ្រាមលោកលើកទី 1។

សង្គ្រាមលោកលើកទី1 កើតឡើងដោយហេតុថា នៅចុងសតវត្សន៍ទី 19 បណ្ដាប្រទេសនៅអឺរ៉ុបបាននិងកំពុងស្ថិតក្នុងសភាពតានតឹនប្រឈមមុខនឹងគ្នាខ្លាំងលើផ្នែកការទូត និងព្រំដែន។ ចូលដល់ដើមសតវត្សន៍ទី 20 ពោលនៅឆ្នាំ 1914 ព្រះអង្គម្ចាស់ ហ្វ្រង់ ហ្វឺឌីណាន់ (Franz Ferdinand) នៃអតីតប្រទេសអូស្ដ្រូហុងគ្រី ត្រូវបានខ្មាន់កាំភ្លើងជនជាតិស៊ែបលបធ្វើឃាត។

ហេតុការណ៍នោះបានធ្វើឱ្យសភាពការណ៍ដែលតានតឹងស្រាប់ត្រូវផ្ទុះជាភ្លើងសង្គ្រាមភ្លាមៗ។ ក្រោយហេតុការណ៍ភ្លាមៗ អាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តរបស់អូស្ត្រូហង់គ្រីក៏បានប្រកាសសង្គ្រាមជាមួយប្រទេសស៊ែប។ ចំណែករុស្ស៊ី និងបារាំងក៏ត្រូវបានអូសទាញចូលក្នុងសង្គ្រាមដោយសារពួកគេជាសម្ព័ន្ធមិត្តរបស់ស៊ែប។

ក្រោយពេលដែលអាល្លឺម៉ង់វាយចូលដល់បារាំង អង់គ្លេសដែលជាមិត្តបារាំងក៏ចាប់ផ្ដើមប្រឡូកក្នុងសង្គ្រាមប្រឆាំងអាល្លឺម៉ង់វិញដែរ។ មួយរយៈកន្លងផុត ប្រទេសធំៗនៅអឹរ៉ុបបានស្ថិតក្នុងសង្គ្រាម ហើយជប៉ុនកាលណោះដែលជាមហាអំណាចយោធាមួយនៅអាស៊ី ព្រមទាំងអាមេរិកក៏ស្ថិតក្នុងសង្គ្រាមដែរដោយនៅខាងបារាំងនិងអង់គ្លេសដែលក្រោយមកពួកគេបានទទួលជ័យជំនះនៅឆ្នាំ ១៩១៨។

ចំណែកសង្គ្រាមលោកលើកទីពីរ វិញកើតឡើងដោយសារអ្វី ? សង្គ្រាមលោកលើកទី ២ផ្ទុះឡើងដោយមានឫសគល់ជាប់ទាក់ទងច្រើននឹងសង្គ្រាមលោកលើកទី ១។ យើងដឹងហើយថាក្នុងសង្គ្រាមលោកលើកទី ១​ អាល្លឺម៉ង់ជាអ្នកចាញ់សង្គ្រាម។ តែក្រោយពេល អាដុហ្វហ៊ីត្ល៊ែរ ឡើងកាន់អំណាចគាត់បានដឹកនាំអាល្លឺម៉ង់បង្កើតសង្គ្រាមជាថ្មីដើម្បីសងសឹកវិញ ដោយចាប់ផ្ដើមពីការឈ្លានពានប្រទេសតូចៗជិតខាងដូចជាប៉ូឡូញជាដើម។

នេះបង្ខំឱ្យបារាំងនិងអង់គ្លេសត្រូវចូលខ្លួនអន្ដរាគមន៍សាជាថ្មីដើម្បីការពារប្រទេសទាំងនោះ និងអូសទាញអាមេរិក និងរុស្ស៊ីឱ្យចូលជួយដែរ។ ចំណែកខាងអាល្លឺម៉ង់វិញ មានប្រទេសធំៗពីរគឺ អ៊ីតាលី និងជប៉ុន។

សង្គ្រាមនេះក៏បានចាប់ផ្ដើមពីឆ្នាំ 1939 ដល់ឆ្នាំ 1945 និងបានក្លាយជាសង្គ្រាមបង្ហូរឈាមគ្នាធំបំផុតមួយក្នុងប្រវត្តិសាស្ដ្រដោយជីវិតទាហាននិងជនស៊ីវិលច្រើនជាង 50 លាននាក់ត្រូវបានបាត់បង់។

ចុះសង្គ្រាមលោកលើកទី ២ នេះបានបិទបញ្ចប់ដោយរបៀបណា?

សង្គ្រាមលោកលើកទី ២ បានបិទបញ្ចប់ដោយមូលហេតុច្រើន និងអាចមានការលើកឡើងផ្សេងៗគ្នា តែមូលហេតុដែលគេដឹងនិងទទួលស្គាល់ទូទៅគឺ ការបរាជ័យរបស់អាល្លឺម៉ង់នៅរុស្ស៊ីដោយសារកត្តាភូមិសាស្ដ្រមិនអំណោយផលដែលនាំឱ្យមានការបាក់ទ័ពខ្លាំងធ្វើឱ្យកម្លាំងត្រូវធ្លាក់ខ្សោយ។

ម្យ៉ាងទៀតការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកលើជប៉ុន ពីរគ្រាប់នៅឆ្នាំ 1945 ក៏ជាកត្តាសំខាន់ក្នុងការបង្ខំឱ្យជប៉ុនចុះចាញ់ផងដែរ។ ដោយសារអាល្លឺម៉ង់ និងជប៉ុនបាក់ស្បាត សង្គ្រាមលោកលើកទី២ក៏រកអ្នកចាញ់អ្នកឈ្នះឃើញ ហើយឆ្នាំ 1945 ក៏ក្លាយជាឆ្នាំដែលសង្គ្រាមត្រូវបញ្ចប់តែម្ដង៕

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print