កម្លាំងកងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង ក្របួចជនជាតិវៀតណាម៤នាក់ ករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វព្រៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ យ៉ាងតិចមានមនុស្សប្រុសស្រីជាជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាត់ខ្លួន ករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វ​ព្រៃ និងរក្សាទុកនូវគ្រាប់កែច្នៃជាច្រើនក្នុងផ្ទះ ក្នុងបទល្មើសជាក់ស្តែង។

អ្នកភូមិញ៉ើនបានឲ្យដឹងថា៖ ពួកគាត់បានឃើញជនជាតិវៀតដែលមករស់នៅក្នុងភូមិញុើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង មួយក្រុមមានស្រី មានប្រុស ក្នុងលំនៅដ្ឋានជាប់មាត់ទន្លេសេសាន ហើយជាទម្លាប់ញឹកញាប់ បានចេញធ្វើសកម្មភាពបរបាញ់សត្វព្រៃនៅពេលយប់ តាមតំបន់ក្នុងព្រៃអភិរក្សហាមឃាត់ ។ ពួកគេបានប្រើប្រាស់ជាប្រភេទកាំភ្លើង យកទៅបាញ់សត្វព្រៃគ្រប់ប្រភេទ ពិសេសសត្វក្ងោក ដែលជាសត្វដ៏កម្រ ត្រូវការពារនិងអភិរក្ស តែងមានការហាមឃាត់ពីសមត្ថកិច្ច អាជ្ញាធរ ជំនាញនោះ។

ប្រជាពលរដ្ឋក្នុងភូមិញុើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានបន្តថា៖ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ពួកគាត់បានឃើញក្រុមជនជាតិវៀតណាមខាងលើ បានយកកាំភ្លើង ចេញទៅបរបាញ់សត្វ ហើយគាត់ក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ទើបនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចខាងកម្លាំងកងរាជអាវុធហត្ថស្រុក សេសាន បានចុះមកឃើញសត្វព្រៃ និងកាំភ្លើង ជាមួយនិងគ្រាប់ប្រភេទកែច្នៃជាច្រើនគ្រាប់ ឈានដល់ឃាត់ខ្លួនមនុស្ស៤នាក់ភ្លាមៗ។

សមត្ថកិច្ចអាវុធហត្ថខេត្តបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ថា៖ ពិតជាបានឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះមែន ក្រោយទទួលព័ត៍មានពីប្រជាពលរដ្ឋរាយការណ៍ជុំវិញបញ្ហានេះ ក៏ឃើញសត្វព្រៃប្រភេទទន្សាយគល់ និងកាំភ្លើង ជាមួយគ្រាប់ជាច្រើនដែលពួកគេបានរក្សាទុកនៅក្នុងផ្ទះ និងជាប្រភេទគ្រាប់កែច្នៃ អាចបាញ់ជះសាចជាអំបែងមានសារធាតុគីមី ប្រឈមនិងហានិភ័យគ្រោះថ្នាក់បំផុតដល់ប្រជាពលរដ្ឋ បើប៉ះពាល់ដោយគ្រាប់កែច្នៃនេះ (បើមនុស្សវិញអាចបំបែកសាកសព) ។ សមត្ថកិច្ចបន្តថា  បច្ចុប្បន្នជនសង្ស័យទាំងអស់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបាននាំខ្លួនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ តាមនីតិវិធី ។

ពាក់ព័ន្ធករណីនេះ ក្រុមអ្នកច្បាប់បានបញ្ជាក់ផងដែរថា ជនសង្ស័យអាចប្រឈមទៅនឹងការ   ផ្តន្ទាទោសដាក់ពន្ធនាគារ ពី៥ឆ្នាំទៅ១០ឆ្នាំ យោងតាមមាត្រា២៣ និងមាត្រា២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងមាត្រា៩៨ នៃច្បាប់ ស្តីពីព្រៃឈើ ។

អ្នកច្បាប់បានលើកឡើងថា មាត្រា២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវបានចែង​ថា ជនណាដែលផលិត ធ្វើពាណិជ្ជកម្មនាំឆ្លងកាត់ នាំចេញ នាំចូល ឬស្តុកនូវ អាវុធផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។ ដោយឡែកមាត្រា២៤ នៃច្បាប់ដដែលនេះ បានចែងថា ជនណាដែលបាន ប្រព្រឹត្តផ្ទុយនឹងមាត្រា៨ និងមាត្រា១៤ នៃច្បាប់នេះ ត្រូវ​ផ្តន្ទា​ទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ ដោយពុំទាន់គិតបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ។

អាជ្ញាធរភូមិញ៉ើន ឃុំស្តៅ បានឲ្យដឹងផងដែរថា ក្រុមជនជាតិវៀតណាមទាំងនោះ បានឆ្លងដែនមកស្នាក់នៅដោយខុសច្បាប់ ពុំមានការសុំច្បាប់ពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ហើយ កន្លងទៅប្រជាពលរដ្ឋតែងតែបានឃើញក្រុមជនជាតិវៀតណាមទាំងនេះ យកកាំភ្លើងទៅបាញ់សត្វ និងបាញ់សត្វក្ងោកបានយកមកថតបង្ហោះលេង ហាក់ដូចជាមិនខ្លាចញញើតចំពោះអាជ្ញាធរមូលដ្ឋាន ខណៈពួកគេតែងតែប្រើឈ្មោះថ្នាក់លើថាខ្លួនជាអ្នកមើលការខុស ត្រូវ គ្រប់គ្រងកម្មករ ចម្ការស្វាយចន្ទីនៅទីនោះ ៕ ដោយ៖ សុខ ខេមរា

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print