ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក តំណាង លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ចុះផ្អាកសំណង់ដែលបានសាងសង់រំលោភលើចិញ្ជើមផ្លូវ និង រៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងណែនាំដល់អាជីវករដែលលក់ដូរជុំវិញផ្សារនាៗតាមផ្លូវសាធារណៈ ។ កិច្ចប្រតិបត្តិការនេះដែរបានចុះធ្វើកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ។
លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដដែលបានអោយភ្នាក់ងារ អ្នកអ្នកយកព័ត៌មានការសែតនគរវត្តយើងខ្ញុំដឹងផងដែរថា ម្ចាស់សំណង់ដែល សាងសង់សំណង់ផ្ទះលក់សាំងមួយកន្លែងដែលរំលោភលើចិញ្ជើមផ្លូវនោះ គឺមានទីតាំងផ្ទះលេខ៥៦ ផ្លូវលេខ២៣០កែងផ្លូវលេខ២៥៧សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរបស់លោក បានចុះទៅប្រាប់ដោយបាន ណែនាំជាច្រើនលើកច្រើនសារមកហើយតែម្ចាស់ទីតាំងនៅតែមិនព្រមស្ដាប់នៅតែបន្តសាងសង់ដដែលជាដដែល ទើបនៅព្រឹកថ្ងៃទី១៥ ខែធ្នូ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដោយផ្ទាល់ បានចុះទៅផ្អាកទី តាំងសំណងតែម្តងដើម្បីអោយម្ចាស់ទីតាំង រុសរើ ដោយខ្លួនឯង តែបើនៅតែមិនរុះរើទេលើកក្រោយ លោកអភិបាលរងនឹងដាក់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទៅវាយកម្ទេចតែម្ដង ។
សូមបញ្ជាក់ផងដែរថា ម្ចាស់ទីតាំងផ្ទះលក់សាំងដែលគឃ្លើនខាងលើនេះ មានឈ្មោះ ណត់ ណាស៊ី ។
បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកចុះទៅផ្អាកសំណង់ទីតាំងនោះរួច លោកអភិបាលរង បានដឹកនាំកម្លាំងរបស់លោកចុះទៅរៀបចំសណ្ដាប់ធ្នាប់ និង បានពន្យល់ណែនាំដល់ អាជីវករលក់ដូរនៅលើចិញ្ជើមផ្លូវ នៅតាមបណ្ដោយផ្លូវ២៣០និងផ្លូវ២៣៩ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ដែលអាជីវករទាំងនោះ ធ្វើឲ្យមានការកក់ស្ទះនិងគ្មានអនាម័យ ដែលបង្ករការជះក្លិន ស្អុយដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះផងដែរ។
ចុងក្រោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបានអំពាវនាវដល់ ប្រជាពលរដ្ឋព្រមទាំងអាជីវកលក់ដូរសូមកុំយកចិញ្ជើមផ្លូវធ្វើជាអាជីវកម្មដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវតែអនុវត្តទៅតាមការរៀបចំរបស់សាលាខណ្ឌទួលគោក ក៍ដូចជារការរៀបចំរបស់សាលារាជធានីភ្នំពេញ ៕
ដោយ៖ ស ដារ៉ា