ភ្នំពេញ៖ ទីតាំងបើកល្បែងហ្គេមបៀ ក្បែរសាលារៀនមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌទួលចុះបិទ និងដកហូតទូហ្គេមចំនួន១៣ទូ បញ្ជូនទៅសាលាខណ្ឌដើម្បីចាត់វិធានការបន្ត ។
ប្រតិបត្តិការនេះបានប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅម្តុំសាលា ជា ស៊ីមសាមគ្គី តាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពពីមន្ត្រីសាលាខណ្ឌទួលគោកបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងហ្គេមខាងលើធ្វើឡើងក្រោយពីស្រាវជ្រាវដឹងថា ទីតាំងខាងលើមានបើកឲ្យលេងបៀ ហើយទីតាំងនោះនៅជិតសាលារៀនថែមទៀតនោះ ទើបអាជ្ញាធរខណ្ឌទួលគោក ចេញវិធានការក្ដៅ ចុះបិទនិងដកហូតទូហ្គេមចំនួន១៣ទូនេះតែម្តង ។
ប្រភពដដែលបានបន្ដថា ម្ចាស់ទីតាំងហ្គេមខាងលើនេះ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ដោយគេចខ្លួនបាត់។ តែប្រជាពលរដ្ឋដែលបានឃើញអាជ្ញាធរចុះបង្ក្រាបទីតាំងហ្គេមខាងលើនេះ បានសម្ដែងការសាទរចិត្តចំពោះអាជ្ញាធរដែលបានបង្ក្រាបល្បែងហ្គេម។ ពួកគាត់សុំឲ្យអាជ្ញាធរបន្តអនុវត្តកិច្ចការងារនេះបន្តទៀត ពោលគឺពួកគាត់មិនចង់ឲ្យមានល្បែងហ្គេមនេះតែម្តង ។
ដោយឡែកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកលោក ឯក ឃុនដឿន ក្នុងនាមអាជ្ញាធរមូលដ្ឋាន ដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ លោកបានបង្ហាញការប្ដេជ្ញាចិត្តថា និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗ ដោយហេតុថា ល្បែងស៊ីសងនេះហើយដែលបង្កបង្កើតឲ្យមានបទល្មើស លួច ឆក់ប្លន់ និងអំពើហិង្សាផ្សេងៗទៀត ៕
ដោយ៖ វិបុល