ខេត្តរតនគិរី ៖ ស្ត្រីជនជាតិដើមភាគតិចចារ៉ាយត្រូវបានបុរសវ័យចំណាស់ម្នាក់ចាប់រំលោភបានសម្រេចនៅក្នុងព្រៃយ៉ាងសាហាវក្នុងខណៈនាងមានផ្ទៃពោះចំនួន៣ខែរហូតដល់ធ្លាក់ឈាមនៅកន្លែងកើតហេតុ ប៉ុន្តែជនជាប់ចោទបែរនៅមានសេរីភាព ដោយសមត្ថកិច្ចមិនទាន់ចាប់ខ្លួននៅឡើយទេ ធ្វើឲ្យស្ត្រីរងគ្រោះអស់ក្តីរំពឹងជាមួយច្បាប់។
ទើបនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ស្ត្រីរងគ្រោះបានមកពឹងពាក់អ្នកសារពត៌មានឲ្យជួយចុះផ្សាយដំណឹងជូនដល់អគ្គនគរបាលជាតិ និងក្រសួងយុត្តិធម៌ ឲ្យជួយអន្តរាគមន៍ក្នុងរឿងនេះដល់នាងផង។ ក្នុងពេលបច្ចុប្បន្ននេះភាគីជនសង្ស័យព្យាយាមសម្របសម្រួលសងសំណងជំងឺចិត្តដល់នាងចំនួន៥ពាន់ដុល្លា តែស្ត្រីរងគ្រោះបានទទួលយកទេ ដោយនាងសុំឲ្យជនសង្ស័យទទួលខុសត្រូវចំពោះមុខច្បាប់។ ទាក់ទិននឹងករណីខាងលើស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹង៣កន្លែង ទី១អង្គការអាដហុក ទី២ នៅស្នងការនគរបាលខេត្ត និងទី៣សាលាដំបូងខេត្តរតនគិរី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នៅវេលាម៉ោង៨និង៤០នាទីព្រឹក ។ ប្តឹងពីឈ្មោះ សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបររកស៊ីឈើប្រណីត រស់នៅភូមិតាវែង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី ដែលបានចាប់រំលោភសេពសន្ថវៈលើរូបនាង។
យោងតាមពាក្យបណ្តឹងស្ត្រីរងគ្រោះដែលមានឈ្មោះ ស.ល អាយុ១៧ឆ្នាំ ជនជាតិចារ៉ាយ មុខរបរកសិករមានទីលំនៅភូមិលែង ឃុំម៉ាលិច ស្រុកអណ្តូងមាស មានប្តីឈ្មោះ សុខ ហេង អាយុ៣៣ឆ្នាំ មានមុខរបររកស៊ីដាក់ហ៊ុនទិញឈើប្រណីតជាមួយជនសង្ស័យ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ សារឿន បានទូរស័ព្ទទៅរូបនាងប្រាប់ឲ្យទៅយកលុយដែលប្តីនាងខ្ញុំផ្ញើមកឲ្យនាង។
បន្ទាប់មកនាងក៏បានខ្ចីម៉ូតូអ្នកដែលនៅផ្ទះជាមួយទៅផ្ទះឈ្មោះ សារឿន។ ពេលទៅដល់ផ្ទះឈ្មោះ សារឿន នាងបានទូរស័ព្ទទៅគេ ហើយប្រាប់ថានាងមកដល់ហើយហើយក៏បានសួររកលុយប្តីរបស់នាងផ្ញើឲ្យ តែឈ្មោះ សារឿន ដែលជាជនល្មើសបានប្រាប់នាងវិញថា គាត់រវល់ឲ្យនាងទៅចាំមុខខ្លោងទ្វារចូលភូមិតាវែងសិន រយៈពេល៣នាទីក្រោយមកឈ្មោះសារឿន មកដល់ ពេលនោះជនល្មើសឈប់ម៉ូតូជិតនាង ហើយនាងបានសួរគេរកលុយដែលប្តីនាងផ្ញើឲ្យ ព្រោះប្រញាប់ទៅផ្ទះវិញ ។ ប៉ុន្តែជនសង្ស័យមិនមាត់តបនឹងនាងទេតែបែរជាស្ទុះយកដៃខ្ទប់មាត់និងដៃម្ខាងទៀតចាប់ចង្កេះអូសរូបនាងចូលក្នុងព្រៃហើយបានសង្កត់ពីលើនាងហើយក៏រំលោភតែម្តងរហូតបានសម្រេច។
ក្រោយពីរំលោភហើយនោះបានគំរាមមកនាងមិនឲ្យប្រាប់អ្នកណាទេ ពុំនោះគេនឹងមិនឲ្យរូចខ្លួនឡើយ ។ ក្រោយមកនាងក៏ត្រឡប់ទៅផ្ទះវិញ ដោយយំរហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ដោយសារប្តីនាងទរទូចសួរនាងក៏ប្រាប់រឿងនេះឲ្យប្តីដឹងនឹងបងប្អូនឪពុកម្តាយបានដឹងដែរ។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នាងបានដាក់ពាក្យបណ្តឹងទៅនគរបាលខេត្តហើយគេក៏បានកោះហៅនាងមកសួរនាំ ។ ឯចំពោះជនល្មើសឈ្មោះ សារឿន ត្រូវបាននគរបាលចុះទៅសាកសួរដល់ប៉ុស្តិ៍នគរបាលឃុំតាវែង។ ប៉ុន្តែឈ្មោះ សារឿន បានបដិសេធការចោទប្រកាន់របស់នាង ដែលដាក់ពាក្យបណ្តឹងនោះទៅវិញ។ស្ត្រីរងគ្រោះបានបន្តថាប្តីនាងបានសន្យាផ្ទាល់មាត់ប្រាប់នាងថា បើនាងដោះស្រាយរឿងនេះចប់ ប្តីនាងនឹងត្រឡប់មកយកនាងធ្វើប្រពន្ធវិញ។
លោកវរសេនីយ៍ឯកផែន ឌីណា ស្នងការងនិងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់តាមទូរស័ព្ទថាករណីខាងលើនេះគឺផុតតួនាទីរបស់លោកហើយ ព្រោះលោកបានបញ្ជូនពាក្យបណ្តឹងទៅដល់សាលាដំបូងរួចទៅហើយ។
រហូតមកដល់រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នគរវត្តមិនអាចសុំការបំភ្លឺពីតុលាការខេត្តនៅឡើយទេ ។ ចំណែកលោក ឆាយ ធី ប្រធានសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តរតនគិរី បានឲ្យដឹងថារឿងនេះលោក បានទទួលពាក្យបណ្តឹងស្ត្រីរងគ្រោះរួចរាលហើយដែរ និងបន្តបញ្ជូនស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕ អ៊ុច សាវុទ្ធ