ខេត្តព្រៃវែង ៖ បុរសម្នាក់ បានធ្វើសកម្មភាពរឹកកសម្លាប់ស្រីស្នេហ៍ប្លន់យកលុយកាក់ និង គ្រឿងអាលង្កា បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ផ្ទះសំណាក់ “រំចង់” ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ករណីប្លន់សម្លាប់មនុស្សយកទ្រព្យសម្បត្តិខាងលើនេះ បានបង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ល្ងាចកាលពីថ្ងៃពុធទី ៥កើត ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ “រំចង់” ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
យោងតាមមន្រ្តីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះនិងជនសង្ស័យបាននាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់យីហោ “រំចង់” ស្នាក់នៅ លុះដល់ម៉ោងកើតហេតុខាងលើ ភាគីខាងបុរសបានចេញពីបន្ទប់មុនបាត់ទៅ ។ ភ្លាមនោះខាងផ្ទះសំណាក់ទូរស័ព្ទដែលដាក់ក្នុងបន្ទប់គ្មានអ្នកលើក ក៏ឡើងទៅមើលស្រាប់តែឃើញនារីរងគ្រោះដេកស្លាប់នៅលើគ្រែដោយមានស្នាមរឹតកសម្លាប់ ទើបបង្កការភ្ញាក់ផ្អើល ហើយម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកោសល្យវិច័យសាកសព ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនល្មើសយកមកដាាក់ទោសតាមច្បាប់ ៕
...