ខេត្តកំពង់ឆ្នាំង៖ ភ្ញៀវដែលចូលហូបមីឆាដែលលក់នៅមុខមន្ទីរព័តមានខេត្តកំពង់ឆ្នាំង ផ្អើលរត់ចោលមីឆាដែលកំពុងហូប ខណៈដែលទុយោហ្គាស់ដែលភ្ជាប់ពីធុងហ្គាស់ក្បាលចង្ក្រានហ្គាស់បានដាច់ធ្លាយហើយឆាបឆេះចេញជាអណ្តាតភ្លើងឡើង បណ្តាលអោយឆេះរទេះមីឆានិងធុងហ្គាស់ តែត្រូរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់ទាន់ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៥ ជិតសួនច្បារវិមានឯករាជ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់លក់មីឆានេះមានឈ្មោះ ទូច សំភាស់ អាយុ២៦ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ម្ចាស់អ្នកលក់មីឆាបានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានយកធុងហ្គាស់ដែលអស់ យកទៅដូរធុងហ្គាសថ្មី រួចបានដាក់ប្រើតាំងពីល្ងាចមកម្ល៉េះ ស្រាប់តែ នៅវេលាម៉ោងជិត១០យប់ហើយនោះមាន ភ្ញៀវ២នាក់មកទិញមីឆា ហើយខ្លួនបានបើកហ្គាសឆាដូចរាល់ដង ពេលដែលបើកហ្គាស់ភ្លាមស្រាប់តែដាច់ក្បាលបើកបិទហ្គាស់ បណ្តាលអោយឆាបឆេះជាអណ្តាតភ្លើងតែម្តង ចំណែកឯភ្ញៀវដែលអង្គុយចាំហូបមីឆាបានរត់អស់ ភ្លាមៗនោះ បានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត មកជួយអន្តរាគមន៍ពន្លត់ភ្លើង ហើយបានពន្លត់រលត់អស់ទាំងស្រុង ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សធ្ងន់នោះទេ គ្រាន់របួសម្ចាស់លក់មីឆាតែប៉ុណ្ណោះ ចំណែកឯការខូចខាតគឺឆេះរទេះមីឆា សម្ភារៈមួយចំនួនតូចតែប៉ុណ្ណោះ ៕
ដោយ៖ ចន្ថា