(UPDATE)៖ កុងតឺន័របុករថយន្តស្ដែនពីក្រោយ ស្លាប់ជនជាតិថៃម្នាក់គៀបជាប់ក្នុងកាប៊ីនរថយន្ត និងព្រូម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តធុនធំ ២គ្រឿង បុកគ្នាពេញទំហឹង ខណៈធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យបុរសអ្នកបើកបរជនជាតិថៃម្នាក់ បានស្លាប់គៀបជាប់ក្នុងកាប៊ីនរថយន្ត និងព្រូម្នាក់ទៀតរងរបួសធ្ងន់ ។

IMG_9407

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២១០៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧១.១៧២ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តស្តែនកៅស៊ូម៉ាកហ្វីណូ ពណ៌ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-0323 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រថយន្តខាងលើនេះ បានផ្ទុះកង់ក្រោយផ្នែកខាងស្ដាំ គ្រានោះរថយន្តស៊ីញ៉ូអែមចិញ្ចើមផ្លូវ  ស្របគ្នានោះស្រាប់តែរថយន្តកុងតឺន័រ ១គ្រឿងទៀតម៉ាកអ៊ីស៊ុយស៊ុយ ពណ៌បៃតង លាយសឆ្នូតលឿង ពាក់ស្លាកលេខ Thailand 01 77-6619 បើកស្របគ្នាមកពីក្រោយបុកពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរម្នាក់គៀបជាប់ក្នុងកាប៊ីនស្លាប់យ៉ាងអាណោចអធ័ម និងព្រូម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកទៅសង្គ្រោះនៅរាជធានីភ្នំពេញ (ចំណែកអ្នកបើកបររថយន្តស្ដែនដឹកកៅស៊ូ និងអ្នករួមដំណើរបានរត់គេចខ្លួន) ។

សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ បានឱ្យដឹងថា អ្នកបើកបរស្លាប់គៀបជាប់ក្នុងកាប៊ីនរថយន្តឈ្មោះ Mr. Banjong, Last name  Bootchumsaeng ភេទប្រុស កើតនៅថ្ងៃទី 14, Jul, 1977 (ជនជាតិថៃ) និងអ្នករួមដំណើររងរបួសធ្ងន់ជនជាតិខ្មែរ មិនទាន់ត្រូវបានគេរកឃើញអត្តសញ្ញាណនៅឡើយ ។

ប្រភពពីសមត្ថកិច្ចបន្ដទៀតថា វត្ថុតាងរថយន្តទាំង ២គ្រឿង កំពុងចាត់ចែងយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រង់ចាំការដោះស្រាយគ្នាតាមនីតិវិធី ចំណែកសាកសពជនរងគ្រោះបានវិចខ្ចប់រង់ចាំតំណាងក្រុមហ៊ុន ឬសាច់ញាតិមកទទួលយក ៕

IMG_9381

IMG_9383

IMG_9406

IMG_9403

IMG_9405

IMG_9415

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print