ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនរួចដកហូតបានថ្នាំញៀន២កញ្ចប់ ដបកែច្នៃ សម្រាប់សេពថ្នាំញៀន៥ និងសម្ភារមួយចំនួនទៀត ។
ករណីចាប់ជនសង្ស័យពាក់ព័ន្ធថ្នាំញៀននេះបានធ្វើឡើងនៅវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នៅគ្រាដែលកម្លាំងចម្រុះចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះជួលលេខ ក៦ ក្រុមទី១៨ ផ្លូវលេខ៣៧១ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះ ទីង គោ ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល ចំណុចចាប់ខ្លួន ។
លោក ហ៊ុន សុផល នាយប៉ុស្តិ៍នគរបាលច្បារអំពៅទី១ បានអោយដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ច ចាប់ខ្លួននៅគ្រាដែលកម្លាំងចម្រុះចុះធ្វើរដ្ឋបាល ហើយជនសង្ស័យរូបនេះជាមុខសញ្ញាចាស់ដែល សមត្ថកិច្ចតាមដានយូរហើយ ។ ក្នុងការចាប់ខ្លួននេះដែរកម្លាំងចម្រុះរកឃើញវត្ថុតាងថ្នាំញៀន ២កញ្ចប់តូច ឧបករណ៍សម្រាប់ជក់ និងសម្ភារមួយចំនួនទៀត ។
លោក ម៉ៅ សឿត អធិការរងខណ្ឌច្បារ អំពៅទទួលការងារព្រហ្មទណ្ឌ បានអោយដឹងថា ក្រោយ ឃាត់ខ្លួនជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងពីបទលាក់ទុកនិងប្រើប្រាស់ថ្នាំញៀន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើសំណុំរឿង អោយចប់ទើបបញ្ជូនទៅតុលាការ ៕