កូរ៉េខាងជើងស្នើអាមេរិក ដោះលែងនាវាដឹកទំនិញដែលអាមេរិកឃាត់ទាំងខុសច្បាប់ ។ ប៉ុន្តែអាមេរិកបានបដិសេធដោះលែងនាវាខាងលើតាមសំណើរ របស់កូរ៉េខាងជើង។
កាលពីថ្ងៃទី១៤ខែឧសភាក្រសួងការបរទេសអាមេរិក មិនមានប្រតិកម្មអ្វីជុំវិញសំណើររបស់កូរ៉េខាងជើង ឲ្យដោះលែងនាវាដឹកទំនិញកូរ៉េខាងជើង ដែលត្រូវទីក្រុងវ៉ាស៊ីនតោនចាប់កាលពីពេលកន្លងមក។
អ្នកនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំង ដល់សកម្មភាពរបស់អាមេរិក ដែលបានចាប់នាវាដឹកទំនិញ Wise Honest ជាសកម្មភាពខុសច្បាប់។ មន្ត្រីកូរ៉េខាងជើង បានបញ្ជាក់ថា សកម្មភាព របស់អាមេរិក និងធ្វើឲ្យបាត់បង់ទំនុកចិត្តកាន់តែខ្លាំង ។អាមេរិកត្រូវតែ ដោះលែងនាវាកូរ៉េខាងជើង ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Katina Adams បានបញ្ជាក់ថា លោកស្រីមិនមាន ទស្សនៈអ្វីជុំវិញការលើកឡើងខាងលើ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា ចាំបាច់ត្រូវតែរក្សាការដាក់ទណ្ឌកម្ម ទៅលើកូរ៉េខាងជើង ។
លោក Mike Pompeo បានបញ្ជាក់ថា « យើងបន្តរក្សាការដាក់ទណ្ឌកម្ម ទៅលើកូរ៉េខាងជើង តាមច្បាប់អន្តរជាតិ រហូតដល់ប្រទេសនេះព្រមបោះបង់ កម្មវិធីបរមាណូនិងមីស៊ីល។
កន្លងមកថ្មីៗ កូរ៉េខាងជើងបានចាត់ទុកសកម្មភាពនេះ ថា ជាអំពើ «ប្លន់»មួយ ដែលចាំបាច់ត្រូវតែដោះលែងនាវានោះ ឲ្យត្រឡប់មកវិញ ។
ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ប្រកាសថា បានរឹបអូសយកនាវាកូរ៉េខាងជើងមួយគ្រឿង ដែលសង្ស័យថា បានបញ្ជូនធ្យូងថ្ម និងគ្រឿងម៉ាស៊ីន រំលោភលើទណ្ឌកម្មអន្តរជាតិ ។ នាវានេះ ឈ្មោះ Wise Honest ផ្ទុកទំនិញប្រមាណ ១៧.០៦១ តោន ជានាវាដឹកទំនិញធំបំផុតរបស់កូរ៉េខាងជើង ។ នាវានេះ ត្រូវរឹបអូសដោយអាជ្ញាធរ ដែនសមុទ្រ បរទេស កាលពីខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីបានផ្ទុកធ្យូងថ្ម នៅតំបន់ Nampo ប្រទេសកូរ៉េខាងជើង ។ ពេលនេះ នាវា Wise Honest កំពុងស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិក។
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA បានផ្សាយសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ដែលមិនបញ្ចេញឈ្មោះម្នាក់ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានក្បត់ស្មារតីព្រមព្រៀង នៃកិច្ចប្រជុំកំពូលកាលពីខែមិថុនា ឆ្នាំ២០១៨ រវាងប្រធានាធិបតី ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។
លោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំ បានយល់ស្របទៅលើសេចក្តីថ្លែងការណ៍មិនច្បាស់លាស់មួយ អំពាវនាវឱ្យនៅតំបន់ឧបទ្វីបកូរ៉េ គ្មានអាវុធនុយក្លេអ៊ែរ និងបង្កើនការរិតចំណងទំនាក់ទំនងទ្វេភាគី ប៉ុន្តែជំនួបលើកទីពីរ រវាងមេដឹកនាំទាំងពីរកាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានបរាជ័យ ដោយសារតែ ការទាមទារមិនស្របគ្នា នៅក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ហើយនិងការរំសាយអាវុធនុយក្លេអ៊ែរ ៕