ភ្នំពេញ៖ ជនសង្ស័យដែលជាជនជាតិចិនម្នាក់ និងជាមេខ្លោងចាប់ជំរិតបង្ខាំងមនុស្ស រួមនឹងនារីខ្មែរម្នាក់ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកចុះបង្ក្រាបជាបន្តបន្ទាប់ ។
កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្នុងបុរីពិភពថ្មី ផ្ទះលេខ២ ផ្លូវលេខ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ Zhang Zhong Zheng ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិចិន និងជាមេខ្លោងចាប់ជំរិត បង្ខាំងមនុស្ស ទី២ ឈ្មោះ ម៉ី ដាលី ភេទស្រី អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ ត្រូវជាសង្សាររបស់បុរសសង្ស័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
មន្ត្រីកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះជាមេខ្លោងចាប់ជំរិត និងបង្ខាំងមនុស្ស ហើយជនសង្ស័យទាំង២នាក់ជាបក្ខពួកដែលសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌមានជ័យបាន៥នាក់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា