កាស៊ីណូអន្លងជ្រៃ នៅខេត្តត្បូងឃ្មុំ កំពុងពង្វក់ពលរដ្ឋខ្មែរឱ្យចូលលេង និងកំពុងអនុវត្តច្បាប់ផ្ទុយពីអាជ្ញាប័ណ្ណ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កន្លងមកកាស៊ីណូអន្លងជ្រៃបានដំណើរការបើកលេងល្បែងស៊ីសងខ្នាតធំរួមមាន ៖ បញ្ជល់មាន់ អាប៉ោង និងយូរគី យ៉ាងគគ្រឹកគគ្រេង ។ ទីតាំងនេះ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជាការកត់សម្គាល់អ្នកចូលលេងភាគច្រើនជាពលរដ្ឋខ្មែរ មកពីក្នុងភូមិ-ស្រុក-ខេត្ត និងបណ្តា ខេត្ត-រាជធានី សម្រុកចូលលេងដូចទឹកកំពុងបាក់ទំនប់ ចាប់ផ្តើមពីការភ្នាល់គ្នាដាក់លុយធំៗ ។ ការកត់សម្គាល់ឃើញទៀតថា គ្មានការត្រួតពិនិត្យត្រឹមត្រូវតាមច្បាប់អនុញ្ញាតទេ ពោលគឺទាំងសមត្ថកិច្ចមូលដ្ឋានទាំងអាជ្ញាធរខេត្ត ។ បច្ចុប្បន្នទីតាំងនេះកំពុងដំណើរការយ៉ាងរលូនជាទីបំផុត និងកំពុងពង្វក់អ្នកចូលលេងឲ្យប្រព្រឹត្តផ្ទុយភូមិ-ឃុំមានសុវត្ថិភាពយ៉ាងពិតប្រាកដ ។

ជួបជាមួយប្រជាពលរដ្ឋរស់ភូមិអន្លង់ជ្រៃបានរៀបរាប់ប្រាប់អង្គភាពនគរដ្រេហ្គនឲ្យដឹងថា តាម ទម្លាប់រៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរ៍ អ្នកយកមាន់មកបញ្ជល់ភាគច្រើនលើសលុប គឺជាពលរដ្ឋខ្មែរ ខ្លះជិះម៉ូតូ និងខ្លះជិះរថយន្ត បានធ្វើដំណើរមកកាន់ទីតាំងខាងលើនេះ ដើម្បលេងល្បែងចាក់ភ្នាល់ដាក់លុយ រហូតគេបានដឹងថា ភ្នាល់រាប់រយ រាប់ពាន់ និងរាប់ម៉ឺនដុល្លារឯណោះ ។

ពួកគាត់បន្តថា ទីតាំងនេះលាក់ភ្នែកមហាជនមិនបានទេ ដោយសារតែទម្លាប់អ្នកលេងចាំបាច់ ត្រូវតែបញ្ចេញសំឡេងហ៊ោកញ្ជ្រៀវ លាន់ឮទ្រហឹងអឺងកង ប៉ុន្តែសន្តិសុខល្អណាស់ ព្រោះតែ ទីតាំងមួយនេះហ៊ុំព័ទ្ធដោយរនាំងការពារយ៉ាងមាំ តាមរយៈអ្នកមានលុយ មានអំណាច អ្នកធំ ឈរនៅពីក្រោយខ្នង ហើយមិនប៉ាច់ឆ្ងល់​ថា ម៉េចបានជាសម្មត្ថកិច្ចនិងអាជ្ញាធរពាក់ពន្ធ័មិនហ៊ានមកសួរនាំ ព្រោះតែជាឆ្នាំងបាយ ។

ប្រជាពលរដ្ឋលើកឡើងថា ឲ្យពួកគាត់រំពឹងអ្វី បើមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំកក់ក៏បានបញ្ជាក់ថា ប៉ុស្តិ៍ក៏បានដឹងថា មានបើកល្បែងមាន់ជល់ ភ្នាល់ដាក់លុយមែន តែសមត្ថកិច្ចប៉ុស្តិ៍មិនហ៊ានទៅសួរនាំទេ ព្រោះអ្នកបើកខ្សែធំណាស់ ។

ពួកគាត់អះអាងថា មួយរយៈនេះ អំពើចោរលួច ចោរឆក់ កំពុងបំភិតបំភ័យសុវត្ថិភាព និងដំណេកពួកគាត់ អាចដោយសារទីតាំងបើកលេងល្បែងភ្នាល់ដាក់លុយយ៉ាងច្រើនៗខាងលើនេះក៏អាចថាបាន ។

សូមជម្រាបថា សេចក្តីរាយការណ៍ពីកាស៊ីណូ ឃីងរូស្ទ័រ បានបញ្ជាក់ឲ្យដឹងថា កាបើកល្បែង នេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបើមិនឲ្យខ្មែរចូលលេងទេ បានអីបង់ព័ន្ធជូនរដ្ឋ សូម្បីតែកាស៊ីណូ ណាហ្គា នៅភ្នំពេញ ក៏មានខ្មែរចូលលេងដែរ ។

ដោយឡែកខាងនាយកដ្ឋានគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់បានបញ្ជាក់យ៉ាងច្បាស់ថា កាស៊ីណូអន្លងជ្រៃមានច្បាប់អនុញ្ញាតមែន តែមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទេ ស.ជ.ណ ក៏បានចេញសេចក្តីប្រកាសដែរ ។

ជុំវិញការបើកអាជីវកម្ម ផ្ទុយពីច្បាប់អនុញ្ញាតនេះ ប្រជាពលរដ្ឋសំណូមពរឱ្យជំនាញខាងថ្នាក់លើដូចជា ៖ ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ គួរមានវិធានការ ពិនិត្យក្នុងករណីនេះ ចៀសវាងធ្វើឱ្យពលរដ្ឋខ្មែរ វក់វង្វេង និងល្បែងស៊ីសងធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ បង្កជម្លោះក្នុងគ្រួសារ និងបង្កើតឱ្យមានបទល្មើសក្នុងសង្គម ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print