ខេត្ដកំពង់ស្ពឺ៖ សង្វៀនបញ្ជល់មាន់ ដែលទើបនឹងបង្កើតថ្មីៗត្រូវបានកម្លាំង កងរាជអាវុធស្រុកឧដុង្គសហការជាមួយកម្លាំងអាវុធហត្ថខេត្ដចុះបង្ក្រាបតែប្រតិបត្ដិការនេះមិនបានអ្វីទាំងអស់ដោយ ក្រុមអ្នកញៀនល្បែងហាក់បីដូចជាដឹងមុនបានដាក់មេប្រូចបាត់ស្រមោលដកហូតបានតែវត្ថុតាងប៉ុណ្ណោះ ។
ការចុះបង្ក្រាបសង្វៀនជល់មាន់កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិវាំង ចាស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្ដ កំពង់ស្ពឺ។
លោកទិត្យ វណ្ណៈ ប្រធានមន្ទីរស្រាវ ជ្រាវអាវុធហត្ថខេត្ដកំពង់ស្ពឺបាននិយាយឱ្យដឹងថា ដោយមានបញ្ជាពីលោកជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ដបានបញ្ជាឱ្យលោកវរសេនីយ៍ឯក សៅ ពន្លឺ មេបញ្ជាការរងអាវុធហត្ថខេត្ដ កំពង់ស្ពឺដឹកនាំកម្លាំងចុះបង្ក្រាបក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ និងញៀនល្បែង ទាំងនេះតែពួកគេមានខ្សែបណ្ដាញដាក់ ពង្រាយតាមផ្លូវជាហេតុធ្វើឱ្យបែកការណ៍ មិនអាចបង្ក្រាបបានទាំងស្រុងនោះទេគឺដកហូតបានតែវត្ថុតាងប៉ុណ្ណោះ។ នៅ ពេលដែលកម្លាំងអាវុធហត្ថចុះបង្ក្រាប ទីតាំងខាងលើយើងក៏ទទួលបានព័ត៌មានថាក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំង នេះគឺជាក្រុមអតីតអ្នកបញ្ជល់មាន់នៅ ខេត្ដកំពង់ឆ្នាំងជាយូរណាស់មកហើយទើប តែមកបញ្ជល់នៅខេត្ដកំពង់ស្ពឺបានរយៈ ពេល៥ថ្ងៃប៉ុណ្ណោះ ។
លោកបានបន្ដថាក្រោយពីប្រមូល សម្ភារទាំងនោះរួចមកកម្លាំងបានសាកសួរមនុស្សមួយចំនួននៅភូមិវាំងចាស ដោយពួកគាត់លើកឡើងថា ទីតាំង បញ្ជល់មាន់នេះទើបតែបង្កើតថ្មីៗគឺមានរយៈពេល៥ថ្ងៃប៉ុណ្ណោះដោយមានអ្នកនៅខេត្ដកំពង់ឆ្នាំងនិងក្រុមអាជីវករនៅផ្សារឧដុង្គបាននាំគ្នាមកបញ្ជល់នៅទីនោះក្នុង១ថ្ងៃ២ទៅ៣គូហើយទីតាំងនេះក៏ធ្លាប់មាន ទំនាស់ជាមួយទីតាំងជល់មាន់មួយទៀត នៅខេត្ដកំពង់ឆ្នាំងផងដែរទើបធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុងរហូតដល់អាចឱ្យ សមត្ថកិច្ចធ្វើការបង្ក្រាបបានទាំងសងខាងគឺទាំងនៅខេត្ដកំពង់ស្ពឺនិងកំពង់ឆ្នាំង។
ប្រតិបត្ដិការចុះបង្ក្រាបទីតាំងបញ្ជល់ មាន់នេះដកហូតវត្ថុតាងយកមករក្សា ទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ដដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់ លើចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សេនា សក្ដិ