ភ្នំពេញះ៖ តារាសម្តែង និងកំប្លែង កញ្ញា អេមី ដែលគេស្គាល់តាមរយៈការសម្តែងភាពយន្តភាគ និងខ្នាតធំជាច្រើននោះ បានរៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួនដើម្បីជួបជុំអ្នកសិល្បៈក្រោយពីនាងប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំ។
កម្មវិធីនេះធ្វើឡើងកាលពីរាត្រីថ្ងៃទី១៨ខែឧសភានេះនៅភោជនីយដ្ឋាវីហ្វ្រេនបឹងត្របែកក្រោមវត្តមានអ្នកសិល្បៈរាប់រយនាក់ចូលរួម។
ការប្រឡូកសិល្បៈជិត១០ឆ្នាំ អេមី ទទួលបានឱកាសការងារសិល្បៈជាច្រើនរួមទាំងការស្រលាញ់រាប់អានច្រើនពីអ្នកនៅក្នុងចង្កោមសិល្បៈ។
ទោះជាយ៉ាងណាងតារាស្រីរូបនេះមិនដែលរៀបចំកម្មវិធីជួបជុំទ្រង់ទ្រាយធំដូចតារាដទៃទេ ទើបតែខួបកំណើតឆ្នាំនេះនាងចង់មានពិធីមួយដែលចូលរួមអបអរដោយមិត្តរួមអាជីព និងជាឱកាសជួបជុំកម្សាន្តសប្បាយរួមគ្នា។
តារាស្រីរូបនេះថ្លែងទាំងរំភើបថាជាអ្វីដែលនាងមិនគិតដល់ព្រោះតែមានវត្តមានសិល្បករជាច្រើនចូលរួមបង្ហាញពីទឹកចិត្តស្រលាញ់រាប់អាននាង។ បើទោះបីអេមីមិនត្រូវបានគ្រងតំណែងតួឯកដូចគេតែបើនិយាយពីសាច់រឿងភាពយន្តវិញតារាសាច់បាននិងមុខពេញរូបនេះស្រូបយកមិនអន់ឡើយទោះជាតួអ្នកបម្រើសឹងគ្រប់សណ្ឋានផ្ទៃរឿងក៍ដោយ។
អេមីលើកឡើងថា«នេះជាពិធីខួបកំណើតលើកចុងក្រោយដោយនាងសម្រេចបិទបញ្ចប់តែម្តងទើបលេងចាស់ដៃបែបនេះ។នាងចំណាយប្រាក់ប្រមាណ២ទៅ៣ពាន់ដុល្លារធ្វើខួបនៅវីហ្វ្រេន បឹងត្របែកឲសប្បាយរីករាយចិត្តនិងជួបជុំមិត្តសិល្បករព្រោះមិនងាយមានឱកាស។
តារារូបនេះបន្តទៀតថាគម្រោងធ្វើតែ១៥តុតែថែមទៅដល់២០តុពិតជាមិននឹកស្មានថាមានគេរាប់អានបែបនេះ។យ៉ាងណាក៍ដោយនាងពិតជារំភើបក្នុងថ្ងៃរវល់ឃើញសិល្បករយើងមានសណ្តានចិត្តចូលរួមនេះជាការជួយគ្នាទៅវិញទៅមកក្នុងនាមជាអ្នកសិល្បៈ។
អេមីសន្យាទៀតថានិងព្យាយាមពង្រឹងស្នាដៃសម្តែងឲកាន់តែល្អដើម្បីពង្រីកកេរ្តី៍ឈ្មោះឲកាន់តែរីកចម្រើនជាបន្តទៀត។ តារាចូលរួមពិធីខួបកំណើតរបស់អេមីមាន៖ គៀត សុវណ្ណាឡាង សុីម សោភ័ណ្ឌ ផេងខេក យេយេ សឿន វីតា ប៉ែន សុផានី ហេង ចាន់ថា ណូម័រ ប៉ប រចនា និងតារាជាច្រើនដួងទៀត។
នាងនឹងបញ្ចេញស្នាដៃសម្តែងថ្មីបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខដែលនាងរំពឹងដែរថាស្នាដៃថ្មីនេះនឹងកាន់តែធ្វើឲ្យទស្សនិកជនពេញចិត្តជាក់ជាមិនខាន៕ ដោយ វឌ្ឍនា