យកអាវុធខ្លីបាញ់សម្លាប់ខ្លួន នៅក្នុងរថយន្ដ សង្ស័យតូចចិត្ដមានជំងឺប្រចាំកាយ

ចែករំលែក៖

ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់ បានយកអាវុធខ្លីរបស់ស្វាមីដែលទុកនៅក្នុងរថយន្ដមកបាញ់សម្លាប់ខ្លួនធ្វើអត្ដឃាតបណ្ដាលឲ្យស្លាប់ នៅក្នុងរថយន្ដ ខណៈដែលស្រ្ដីរងគ្រោះនិងក្រុមគ្រួសារសាច់ញាតិបាននាំគ្នាទៅដើរកំសាន្ដនៅកោះខ្សាច់ បើតាមការបញ្ជាក់ឲ្យដឹងរបស់ក្រុមគ្រួសារសាច់ញាតិរបស់ស្រ្ដីរងគ្រោះ ការបាញ់សម្លាប់ខ្លួនធ្វើអត្ដឃាត គឺសង្ស័យតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយពិបាកព្យាបាល ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើង វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចកំពង់ទឹកទន្លេ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។

​ មន្រ្ដីនគរបាលស្រុកលល្វាឯមបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ណុប វណ្ណី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល មានស្វាមីឈ្មោះ អ៊ុក ជីវ៉ា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរនគរបាល  តួនាទីនាយផ្នែកការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ ។ ចំណែកវត្ថុតាងដកហូតបានមានអាវុធខ្លីចំនួន១ដើម ម៉ាកCF98.9 លេខ០០១១៦៩ គ្រាប់ចំនួន១២គ្រាប់ ។

ប្រភពដដែលបន្ដថា តាមការឲ្យដឹងរបស់ក្រុមគ្រួសារសាច់ញាតិស្រ្ដីរងគ្រោះបានឲ្យដឹងថា កន្លងមក ស្រ្ដីរងគ្រោះតែងតែរកវិធីចងក និងលេបថ្នាំធ្វើអត្ដឃាតខ្លួនឯងជាញឹកញាប់មកហើយ ព្រោះតែតូចចិត្ដខ្លួនឯងមានជំងឺប្រចាំកាយពិបាកក្នុងការព្យាបាល តែបងប្អូនសាច់ញាតិឃើញទាន់ ជួយសង្រ្គោះទាន់ពេលវេលា ។ រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្រ្ដីរងគ្រោះ និងស្វាមីឈ្មោះ អ៊ុក ជីវ៉ា រួមទាំងកូនៗ និងក្មួយ ៗបាននាំគ្នាជិះរថយន្ដទៅងូតទឹកកំសាន្ដលេងនៅទន្លេមេគង្គ ត្រង់ចំណុចកោះខ្សាច់ ខណៈដែលងូតទឹកនោះ ស្រ្ដីរងគ្រោះមិនបានចុះងូតទឹកទេ គឺសម្រាកក្នុងរថយន្ត លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ប្តីស្រ្ដីរងគ្រោះ បានឡើងមកពីងូតទឹកវិញ មកដល់រថយន្ត បានឃើញស្រ្ដីរងគ្រោះជាប្រពន្ធដេក ហើយមានឈាមហូរនៅលើដៃខាងស្តាំ ក្នុងរថយន្ត ដែលដៃស្តាំគងលើភ្លៅឆ្វេង ហើយកាំភ្លើងអែបភ្លៅឆ្វេង និងស្នាមគ្រាប់កាំភ្លើងលើសៀតផ្កាខាងស្តាំដោយមានគ្រាប់កាំភ្លើងបៀមជាប់ចំណុចថ្ងាស ភ្លាមនោះក៏ផ្អើលឆោឡោ ដឹកប្រពន្ធមកផ្ទះ ហើយបានរាយការណ៍ជូនទសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្រ ដើម្បីធ្វើការពិនិត្យ ។

បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានករណីខាងលើរួច ភ្លាមនោះក៏ធ្វើការរាយការណ៍បន្ដទៅនគរបាលផ្នែកកោសល្យវិច្ច័យស្រុក ដោយសហការជាមួយកម្លាំងនគរបាលផ្នែកកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល រួចធ្វើការពិនិត្យឃើញថា សាកសពស្រ្ដីរងគ្រោះ មានស្នាមរបួសចូលទំហំ២,៥ សង់ទីម៉ែត្រ នៅសៀតផ្កាខាងស្តាំ ដោយមានក្បាលគ្រាប់បៀមលើត្រចៀកឆ្វេង ត្រង់សៀតផ្កា  ។

បន្ទាប់ពីធ្វើការពិនិត្យរួច សមត្ថកិច្ចជំនាញបញ្ជាក់ថា ស្រ្ដីរងគ្រោះពិតជាស្លាប់ដោយធ្វើអត្ដឃាតសម្លាប់ខ្លួន ឯងដោយអាវុធខ្លីប្រាកដមែន។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print