តាមស៊ីហ្ស៊ីននារីចម្រៀងមិនបាន ថៅកែដំឡើងឆាកតន្ត្រីតាមព្យាបាទនាងគ្មានទីបញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ជីវិតជានារីអ្នកចម្រៀងអាជីពពិតជាត្រូវឆ្លងកាត់ឆាកជីវិតដ៏ជូរចត់ពោរពេញដោយរឿងអាស្រូវនិងការឈ្នានីសពីបុរសស្រេកឃ្លានតណ្ហាមួយចំនួន។ ការ បណ្តែតខ្លួនលើក្បូនសិល្បៈតាមរយៈទឹក ដមសំឡេងនិងរូបសម្ផស្សផងនោះធ្វើឲ្យ បុរសខ្លះនាំគ្នាលេងសើចតាមលែបខាយប្រលោមស្នេហាពីតារាចម្រៀងរូបស្រស់មិនសូវដាច់ និងខ្លះទៀតសុំស្នេហ៍មិនបានបែរ​ជា តាមយាយីមិនឲ្យនាងប្រកបអាជីពជា​អ្នកចម្រៀងបានសុខស្រួលឡើយ។ ជាក់​ស្ដែងដូចជារឿងពិតមួយនេះ នារីម្នាក់នេះព្រោះតែភាពក្រីក្រនាងបានចាប់យកអាជីពជាអ្នកចម្រៀងសម្តែងក្នុងកម្មវិធីប្រគំតន្រ្តី (ខនសឺត)តាមខេត្តក្រុងនានាគ្រាន់បានប្រាក់យកមកចិញ្ចឹមឪពុកម្ដាយចាស់ជរានិងចិញ្ចឹមប្អូនបង្កើត២នាក់រស់នៅក្នុងបន្ទុកបានរៀនសូត្រខ្ពង់ខ្ពស់នឹងគេ។ ប៉ុន្តែមិននឹកស្មានថាការលះបង់កម្លាំងកាយចិត្តតស៊ូ ដើម្បីគ្រួសារនេះត្រូវបានថៅកែដំឡើងឆាកតន្ត្រីខនសឺតម្នាក់ព្យាយាមតាមយាយីជីវិតរបស់នាងគ្មានទីបញ្ចប់ឡើយ។

ការយាយីជីវិតនាងនេះគឺលោកថៅកែរូបនេះបានតាមលួងលោមប្រលោមសុំស្នេហ៍ពីនាងជាង១ឆ្នាំមកហើយ តែនាងមិនព្រម​ដាច់ខាតព្រោះដឹងថា គាត់មានប្រពន្ធនិងកូន២នាក់រួចទៅហើយមិនបង្កើតឲ្យមានស្នេហាត្រីកោណស្អីនោះទេ។អ្វីដែលគួរឲ្យហួសចិត្តទៀតនោះការបដិសេធស្នេហ៍របស់នាងបានធ្វើឲ្យលោកថៅកែចិត្តឃោរឃៅម្នាក់នេះស្តាប់មិនចូលត្រចៀករួចថែមទាំងមានគំនិតតាមព្យាបាទឈ្នានីសយាយីមិនឲ្យនាងបានសុខស្រួលឡើយ។ អ្វីដែលគួរឲ្យស្អប់ខ្ពើមបំផុតនោះគឺបុរសរូបនេះបានប្រើអំពើហិង្សាដាក់នាង ពេលដែលនាង​ចេញទៅច្រៀងនៅតាមបណ្តាខេត្ត ក្រុង​រហូតមានរបួសស្នាមចំនួន៤លើកមកហើយនិងដោយចុងក្រោយនេះនាងទ្រាំលែងបានក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌។

ថ្លែងដោយទឹកមុខក្រៀមក្រំលាយឡំជាមួយការបង្ហូរទឹកភ្នែកជោកថ្ពាល់ផងនោះ កញ្ញា ប្រាក់ ផាន់នី ហៅអមរា អាយុ​១៩ឆ្នាំ ជាអ្នកចម្រៀងក្នុងកម្មវិធីខនសឺតនានានិង ជាអ្នកច្រៀងក្នុងកម្មវិធីប្រកួត​​ កីឡាប្រដាល់របស់ស្ថានីយទូរស្សន៍CNC បានរៀបរាប់ថា នាងពិតជាទទួលយកមិន បានឡើយ ចំពោះលោក ហុង ហ្សែនអាយុ ៣៨ឆ្នាំ មានទីលំនៅក្នុងបុរីឡាយគង់ ស្ថិត ក្នុងភូមិមរ័ សង្កាត់-ខណ្ឌដង្កោ ជាថៅកែ ដំឡើងឆាកតន្ត្រីខនសឺត ដែលតាមយាយីជីវិតនាងមិនឲ្យរស់សុខស្រួល និងមិនឲ្យនាងប្រកបរបរជាអ្នកចម្រៀងគ្រាន់បានប្រាក់យកមកចិញ្ចឹមជីវិតនាងនិង គ្រួសារ នោះ។ នាងថា រយៈពេលជាង១ឆ្នាំមកនេះ ដោយសារសុំ ស្នេហ៍ពីនាងមិនបានលោក ហុង ហ្សែន តែងតាមព្យាបាទនិងប្រើអំពើហិង្សាដាក់នាងចំនួន៤លើកមកហើយ ។

កញ្ញា ប្រាក់ ផាន់នី បានរៀបរាប់ទាំង ទឹកភ្នែកទៀតថាកន្លងមកនាងបានចាប់ យកអាជីពជាអ្នកចម្រៀងច្រៀងនៅក្នុង កម្មវិធីខនសឺត ធ្វើឲ្យនាងបានស្គាល់លោក ហុង ហ្សែន ដែលជាថៅកែដំឡើងឆាកខនសឺតមានភាពស្និទ្ធស្នាលក្នុងនាមជាអ្នក​​​​ រាប់អានគ្នាក្នុងរបរជាអ្នកសិល្បៈដូចគ្នា ប៉ុណ្ណោះ ។ ប៉ុន្តែនាងស្មានមិនដល់ថា ការរាប់អានគ្នាជាធម្មតាបែរជាថៅកែម្នាក់នេះ មានតណ្ហាក្រាស់តាមលួងលោមសុំស្នេហ៍ពីនាងម្ដងហើយម្ដងទៀតគ្មានពេលស្រាកស្រាន្ត ទោះបីជានាងបដិសេធមិនទទួលយកព្រោះតែមិនលេងល្បែងស្នេហាត្រី កោណយ៉ាងណាក៏ដោយ ។

ការបដិសេធ របស់នាងជាបន្តបន្ទាប់យ៉ាងនេះ បានធ្វើ ឲ្យលោក ហុង ហ្សែន គំរាមនាងថា “បើ អញយកនាងឯងមិនបានទេ អ្នកណាក៏មិន អាចយកនាងឯងបានដែរ អញនឹងតាមព្យាបាទនាងឯងរកទីបញ្ចប់គ្មានឡើយ”។ ទី បំផុតការគំរាមនេះ លោកថៅកែរូបនេះ ធ្វើបានមែន ដោយតាមឈ្នានីសព្យាបាទ និងប្រើអំពើហិង្សាដាក់នាងចំនួន៤លើក មកហើយ ។

កញ្ញា ប្រាក់ ផាន់នី បានបន្តថា ការប្រើអំពើហិង្សាដាក់នាងចំនួន៤លើកនោះគឺលើកទី១ នៅខេត្តក្រចេះ,លើកទី២នៅខេត្ត ស្វាយរៀង និងលើកទី៣ នៅក្រុងប៉ោយ ប៉ែត ដែលពេលនោះនាងត្រូវលោក ហុង ហ្សែន វាយបែកក្បាលដេរអស់៥ថ្នេរទៀត ផង។ ក្រោយពីមានអំពើហិង្សានេះកើត ឡើង នាងបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយ តែពេលនោះ ប្រពន្ធរបស់លោកហុង ហ្សែន បានមក លើកដៃសំពះអង្វរនាង សូមឱ្យនាងដក ពាក្យបណ្ដឹងវិញ ព្រោះបើប្ដីជាប់គុកគ្មាន អ្នកណាជួយចិញ្ចឹមកូនទេ ហើយដោយ នាងទន់ចិត្ត និងមានមនោសញ្ចេតនា ចំពោះប្រពន្ធលោកហុង ហ្សែន នាងក៏សុខ ចិត្តដកពាក្យបណ្ដឹងវិញ ដោយគ្មានទទួល សំណងមួយសេនណាឡើយ។

លុះរហូតមកដល់យប់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៩ ថ្មីៗនេះ ថៅកែស្រេកឃ្លានតណ្ហារូបនេះនៅតែមិនអស់ចិត្ត បានតាមយាយីនាងម្តងទៀត ខណៈនាងចូលរួមសម្តែងក្នុងកម្មវិធីសិល្បៈ នៅភូមិ ប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយពេលនោះនាងច្រៀងចប់កំពុងដើរចុះមកក្រោយឆាកស្រាប់តែថៅកែបានដេញវាយនាងផ្អើលគេផ្អើលឯងធ្វើឲ្យនាងមានការអាម៉ាស់ចំពោះមុខមហាជនឈរមើល យ៉ាងត្រៀប ត្រា។

ពេល នោះបើកុំតែមានគេជួយធ្វើ អន្តរាគមន៍ទាន់ច្បាស់ជានាងរងរបួសធ្ងន់ ឬអាចបាត់បង់ជីវិតផងដែរក៏មិនដឹង។ នេះជាលើកទី៤ ហើយដែលឈ្មោះហុង ហ្សែន បានប្រើអំពើហិង្សាដាក់នាង ហើយម្ដងនេះនាងលែងមានការអនុគ្រោះទៀតហើយ ទើបសម្រេចចិត្តដាក់ពាក្យបណ្ដឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដង្កោឲ្យជួយរកយុត្តិធម៌ នាថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៩កន្លងមកនេះដោយទាម ទារសំណងជំងឺចិត្តចំនួន៣ ម៉ឺនដុល្លារ ទើបនាងសុខចិត្ត ។

កញ្ញាបន្តថា ស្ថិតក្នុងភាពក្រីក្រគ្មានទីពឹងនិងគ្មានលុយជួលមេធាវីការពារក្តីនោះនាងបានអំពាវនាវដល់អ្នកស្រឡាញ់យុត្តិធម៌ ជាពិសេសសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ជួយរាស្ត្រក្រីក្រ និងលើកកម្ពស់តម្លៃ​ស្ត្រី ដោយបង្កើតឲ្យមានក្រុមមេធាវីជួយ​ជនក្រីក្រ មេត្តាជួយរកយុត្តិធម៌ដល់រូប​នាងផង ព្រោះថាទង្វើរបស់លោក ហុង ហ្សែន មកលើនាង ជាការរំលោភលើស្ត្រី​ភេទ​ទន់ខ្សោយ រំលោភសិទ្ធិនារីធ្ងន់ធ្ងរ ពោលគឺបានរំខានការប្រកបរបរចិញ្ចឹមជីវិតរបស់នាង ដើម្បីបានប្រាក់តិចតួចមកចិញ្ចឹមឪពុកម្តាយ និងប្អូនបានរៀនសូត្រតែប៉ុណ្ណោះ។ ការយាយីនេះដែរ បានធ្វើឲ្យនាងបាក់ស្បាតខ្លបខ្លាចលោក ហុង ហ្សែន ខ្លាំងណាស់ សូម្បីគេជួលទៅសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីនៅមជ្ឈមណ្ឌលកម្សាន្ត ប្លាហ្សា កៀនស្វាយ ចាប់ពីថ្ងៃទី២០ដល់២៦ខែឧសភាឆ្នាំ២០១៩ ក៏នាងមិនហ៊ានចេញទៅសម្តែងដែរ ឃើញថាខូចប្រយោជន៍ច្រើនណាស់ ។

ទាក់ទិននឹងការលើកឡើងរបស់កញ្ញា ប្រាក់ ផាន់នី ខាងលើនេះ ភ្នាក់ងារអង្គភាពកាសែតនគរវត្តមិនអាច សុំការបកស្រាយពីលោក ហុង ហ្សែន បានទេដោយគ្មានលេខ​​ទូរស័ព្ទ ។ ដោយឡែក លោក ស សោភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោបានប្រាប់អ្នកយកព័ត៌មានកាសែតនគរវត្តកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៩នេះថា លោកពិតជាបានទទួលពាក្យបណ្ដឹងពីកញ្ញា ប្រាក់ ផាន់នី ប្រាកដមែន តែដោយរកដំណោះស្រាយរវាងភាគីទាំងពីរមិនបាន លោកបានបញ្ជូនសំណុំរឿងនេះទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថរាជធានីភ្នំពេញដើម្បីដោះស្រាយបន្ត​រួចហើយដែរ ៕  ប្រាថ្នា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print