ត្បូងឃ្មុំ ៖ អ្នកតំណាងរាស្ដ្រខេត្ដត្បូងឃ្មុំលោក ម៉ូត យូសុះ និង លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី បានដឹកនាំកម្លាំងសម្ព័ន្ធយុវជនមុស្លិមកម្ពុជា អមដំណើរដោយតំណាងម្ចាស់ជំនួយពីប្រទេសសាំងហ្គាពួរ បាននាំយកអំណោយសប្បុរសធម៏ ជាកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន និងថវិកា ផ្ដល់ជូនកុមារកំព្រាឥស្លាម ២៥៧នាក់ ដែលអញ្ជើញមកពីស្រុកចំនួន៣ក្នុងខេត្តត្បូងឃ្មុំ រួមមានស្រុកពញាក្រែក, ស្រុកត្បូងឃ្មុំ និងស្រុកមេមត់។ ពិធីនេះត្រូវបានរៀបចំឡើងនៅភូមិពោធិឥន្ទ ឃុំកោងកាង,ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ដោយ បានសហការរៀបចំដោយ មូលនិធិអភិវឌ្ឍន៍ មុស្លិមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លីមកម្ពុជាសាខាខេត្តត្បូងឃ្មុំ។ ពិធីនេះ ក៏មានការរៀបចំទទួលអាហារស្រាយ បួសរ៉ាម៉ាឌន ជូនម្តាយ និងជីដូន ជីតា របស់កុមារកំព្រានិងប្រជា ពលរដ្ឋសរុបជាង៦០០នាក់ ដោយបានប្រព្រឹត្ដទៅកាលពីរាត្រីថ្ងៃព្រហស្បតិ៏៥រោច ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៩ ។
លោក កៅ អ៊ីមរ៉ន បានរំលឹកដល់កុមារ៉ា កុមារីកំព្រាឥស្លាមទាំងអស់ ត្រូវតែខិតខំរៀនសូត្រ ដើម្បីអនាគតវែងឆ្ងាយ ត្បិត តែប្អូនៗ កំព្រាឪពុក រឺម្តាយ មិនមែនជា ឧបសគ្គដាច់ខាត ដែលតម្រូវអោយប្អូនៗ កុមារ កំព្រាបោះបង់ការសិក្សា រៀនសូត្រនោះទេ ព្រោះជាក់ស្តែង សព្វថ្ងៃយើងឃើញថា ក្រោមការយក ចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានកុមារកំព្រា និងពិការ មិនតិចទេ ដែល បានពុះពារខំប្រឹងសិក្សានិងទទួលបានចំណេះដឹង ជំនាញ ដ៏ជោគជ័យ ហើយក៏បាន និងកំពុងទទួលបានការងារ ល្អប្រសើរ ។
លោក ម៉ូត យូសុះ អ្នកតំណាងរាស្ដ្រមណ្ឌលត្បូងឃ្មុំ បានបញ្ជាក់ថា៖ សកម្មភាពមនុស្សធម៌ របស់ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ដែលតែងតែពាំនាំអំណោយមនុស្សធម៌គ្រប់ផ្នែកដែលចាំបាច់ដើម្បីដោះស្រាយតម្រូវការ និងកង្វះខាតនៅសហគមន៍ ជាក់ស្តែង ពេលនេះ ក្រោមជំនួយពីសប្បុរសជនសិង្ហបុរីបានដោះស្រាយ ជាថវិកា ជូនកុមារកំព្រាចំនួន២៥៧នាក់ ក្នុងម្នាក់ទទួលបានចំនួន៩ ម៉ឺនរៀល និងសម្ភារៈសិក្សា ជាមួយការរៀបចំអាហារសាមគ្គី គឺជាកាយវិការមនុស្សធម៌ដ៏ប្រពៃ ហើយលោកជំរុញ អោយគ្រប់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអង្គការសមាគម បង្កើនការយកចិត្តទុកដាក់លើកុមារកំព្រា ព្រោះគាត់ ពិតជាត្រូវការភាពកក់ក្តៅ ហើយគាត់ក៏ជាអនាគតយុវជនដ៏មានតម្លៃដែលសង្គមមិនអាចមើល រំលងផងដែរ ៕
ដោយ៖ សំរិត