ប្រុសស្រី១គូរ បើករថយន្តពន្លះទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តខ្ទេចពីមុខ

ចែករំលែក៖

ភ្នំពេញ ៖ ប្រុសស្រី១គូរបានធ្វើដំណើរដោយរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រឺកជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់អស់១កង់ ឯរថយន្តបង្កខ្ទេចមួយកំណាត់មុខ ព្រមទាំងបណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល២នាក់ផងដែរ ។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​បានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្ទុបផ្សារអូឡាំពិក តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ ។​

យោងតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក​កាមរីហាយប្រឺក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​2AE-6117 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិច​ក្នុងល្បឿនយ៉ាងលឿន ។

លុះមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោង រថយន្តខាងលើមិនបង្អង់ល្បឿនទេ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំថ្មបាក់អស់១កង់ ឯរថយន្តបង្កបានខ្ទេចមួយកំណាត់យ៉ាងដំណំ គ្រានោះប្រជាពលរដ្ឋក៏ឃើញមានប្រុសស្រី២នាក់នៅក្នុងរថយន្តបង្ក ដោយមនុស្សស្រីរងរបួសធ្ងន់ រីឯមនុស្សប្រុសរងរបួសស្រាល​។​

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំង២នាក់ខាងលើបានហៅម៉ូតូឥណ្ឌាឲ្យជួយជូនទៅកាន់មន្ទីពេទ្យដើម្បីព្យាបាលរបួស ។

ដោយឡែករថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង​យករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print