ប្រពន្ធនិងម្តាយក្មេករួមដៃគ្នាចាក់សម្លាប់ប្តី ខណៈកំពុងដេកឈឺនៅលើគ្រែ

ចែករំលែក៖

ភ្នំពេញ ៖ ទំនាស់ក្នុងគ្រួសារញឹកញាប់បានក្លាយជាអំពើឃាតកម្ម កើតឡើងនៅពេលដែលប្តីបានយកដៃច្របាច់កប្រពន្ធ តែនាងបានស្រែកឲ្យម្តាយជួយ រហូតប្រពន្ធយកបានកាំបិតប៉័ងតោកាប់ចំកញ្ចឹងក និងបានយកខ្សែភ្លើង ស្កុត រុំចងដៃជើង និងបន្តសកម្មភាពយកកាំបិតចុងស្រួចចាក់សម្លាប់ប្តីឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ស្របពេលប្តីកំពុងមានអាការៈមិនស្រូលខ្លួនសម្រាកនៅលើគ្រែ ។

ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​៨យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ​នៅចំណុចក្នុងបន្ទប់ជួល (ផ្ទះសង់ថ្មី) ផ្លូវបេតុង ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានឲ្យដឹងទៀតថា កន្លងមកនិងជាជាញឹកញយ ប្រពន្ធតែងសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ខណៈនៅថ្ងៃកើតហេតុប្រពន្ធបាន​សុំលុយប្តីចំនួន១ម៉ឺនរៀល តែប្តីមិនឲ្យ ក៏កើតទៅជាទំនាស់ធ្ងន់ធ្ងរ ធ្វើឲ្យប្តីយកដៃចាប់ច្របាច់កប្រពន្ធ តែនាងបានរើបម្រះនិងស្រែកឲ្យម្តាយមកជួយ រហូតយកបានកាំបិតប៉័ងតោកាប់ចំកញ្ចឹងក និងបានយកខ្សែភ្លើង ស្កុត រុំចងដៃជើង និងបន្តសកម្មភាពយកកាំបិតចុងស្រួចចាក់សម្លាប់ប្តីឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសម្ភារៈបន្សល់ទុក ៖ កាំបិតបុ័ងតោចំនួន០១ , កូនកាំបិតចុងស្រួចដងឈើចំនួន០១ , ខ្សែភ្លើងជាប់ព្រី០១ខ្សែ , ភួយចំនួន០២ , សារ៉ុងពណ៌ផ្ទៃមេឃចំនួន០១ , ស្កុតរុំ០១ដុំ , ខ្សែជ័រលីឡុងពណ៌ផ្កាឈូកចំនួន០១ និងរូបថ០១សន្លឹក ។

ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខឲ្យដឹងថា រឿងនេះអាចផ្តើមពីការសុំចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នាពីនារីជាប្រពន្ធ ខណៈប្តីបានឆ្លើយថា ចាំបាន២ឆ្នាំ ចាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ។

ប្រភពបន្តថា ជនសង្ស័យទាំងពីរនាក់ម្តាយនិងកូនស្រី ១-ឈ្មោះ គង់ ធីតា ភេទស្រី អាយុ៤៩ឆ្នាំ (ម្តាយ) ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣J ផ្លូវបេតុង ក្រុម៧៦ ភូមិ១៣ សង្កាត់ទន្លេរបាសក់ ខណ្ឌចំការមន ,២–ឈ្មោះ ង៉ូយ សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ (ស្លាប់)​ ឈ្មោះ គឹម យ៉ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក​ក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបញ្ជាក់ថា ទើបនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យទាំង២នាក់ បានចូលខ្លួនមកសារភាពនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។ ទោះសារភាពបែបនេះក្តី សមត្ថកិច្ចបានចាត់តាមច្បាប់ដោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីត្រៀមបញ្ជូនខ្លួនទៅតុលាការវិច័យទោសតាមនីតិវិធី ៕ ដោយ ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print