មោទនភាព សំ ថារ័ត្ន ចេញផ្សព្វផ្សាយក្បាច់គុណល្បុក្កតោនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖តារា​សម្ដែង​និង​ជា​កីឡាការនី​ក្បាច់​កុន​ល្បុក្កតោកញ្ញា  អ៊ុំ សំ​ថារ័ត្ន បានធ្វើដំណើរទៅដល់សហរដ្ឋ​អាមេរិកហើយកាលពីថ្មីៗនេះ ប្រយោជន៍ធ្វើការផ្សព្វផ្សាយភាពយន្តឯកសារ”ការរស់ឡើងវិញនៃក្បាច់គុណល្បុក្កតោ” Surviving Bokator”រួមទាំងវប្បធម៌ នៃក្បាច់គុណល្បុក្កតោក្នុងកម្មវិធីធំមួយនៅទីនោះ។ នាងបានបង្ហាញពីមោទនភាពគួរឲ្យកោតស្ងប់ស្ងែងដើម្បីបង្ហាញឲ្យពិភពលោកបានស្គាល់ក្បាច់គុណខ្មែរបុរាណកាន់តែច្រើន។

ថ្លែងពីសហរដ្ឋអាមេរិក កញ្ញា អ៊ុំ សំថារ័ត្ន បានបញ្ជាក់ថានាងបានវិលមកកាន់ទឹកដីសហរដ្ឋអាមេរិកជាថ្មីកាលពីអំឡុងពាក់កណ្តាលខែឧសភានេះដើម្បីចូលរួមកម្មវិធីអន្តរជាតិ Festival Of Nations តាមការរៀបចំរបស់ផលិតករភាពយន្តឯកសារ “Surviving Bokator”ជនជាតិកាណាដា គឺ លោក Mark Bochsler និងអង្គការIKARE ដែលមានទីតាំងនៅរដ្ឋMinnesota។ នាងថាភាពយន្តឯកសារ “Surviving Bokator” នេះត្រូវបានចំណាយ​ពេលវេលាប្រមាណ៨ឆ្នាំ​ដើម្បីធ្វើការផលិតក្នុងនោះនាង និងលោកសាស្ត្រាចារ្យសាន គីមស៊ាន ជាតួអង្គសំខាន់នៃភាពយន្តឯកសារមួយនេះ។

ក្នុងដំណើរផ្សព្វផ្សាយភាពយន្តនេះ ថារ័ត្ន បញ្ជាក់ថាខ្លួនពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានការគាំទ្រ ពីសំណាក់បងប្អូនខ្មែរនៅទីនោះខ្លាំងនឹកស្មានមិនដល់។ តារាស្រីរូបនេះបញ្ជាក់ថា នាងនឹងចំណាយពេលប្រមាណ៣សប្តាហ៍ ហើយគោលបំណងសំខាន់របស់នាងក្នុងការធ្វើដំណើរមកពេលនេះគឺចង់ធ្វើការផ្សព្វផ្សាយក្បាច់គុណខ្មែរ ពិសេសក៏ចង់ឲ្យប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិកបានស្គាល់ ផ្សព្វផ្សាយបន្តនិងជំរុញលើកទឹកចិត្ត ទ្រទ្រង់ រក្សា ហ្វឹកហាត់ និងផ្សព្វផ្សាយបន្តទៅកាន់ពិភពលោក។

កូនស្រីកវីល្បីឈ្មោះអ៊ុំ តារា រូបនេះបានលើកឡើងថា​ដើមឡើយនាងមកធ្វើការផ្សព្វផ្សាយ និងសម្តែងនៅរដ្ឋប៊ូស្តុន ក្រុង ឡូវ៉ែល និងរដ្ឋមីនីសូតា។ នាងបញ្ជាក់ថាទាំងជនបរទេស ប្រជានខ្មែរ ពិសេសក្មេងៗខ្មែរ ដែលកើតនៅទីនេះពិតជាមានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះការបង្ហាញវត្តមាន និងសម្តែងរបស់នាងខ្លាំង​ដែលពួកគេធ្លាប់តែលឺនិយាយពីសង្គ្រាមនៅកម្ពុជា ហើយបានឃើញពីសិល្បៈវប្បធម៌ខ្មែរនាំឲ្យពួកគេបង្ហាញអារម្មណ៍ចង់សិក្សាស្រាវជ្រាវបន្ត ធ្វើដំណើរមកឃើញដោយផ្ទាល់ នៅកម្ពុជា។

នាងថាពួកគេចង់ឲ្យមានសាលាក្បាច់គុណល្បុក្កតោនៅសហរដ្ឋអាមេរិក ដើម្បីធ្វើការហ្វឹកហាត់ក្បាច់គុណដ៏ល្អមួយនេះ។ នាងបន្តទៀតថាជា មោទនភាព និងរំភើបជាខ្លាំងព្រោះតែការធ្វើដំណើរមកលើកនេះជាឱកាសបង្ហាញស្នាដៃកេរដំណែល សិល្បៈវប្បធម៌ខ្មែរនៅលើឆាក​អន្តរជាតិ ហើយការធ្វើដំណើរមកលើកនេះក៏ជាឱកាសជួយស្វែងរកមូនិធិមួយជួយទ្រទ្រង់សកម្មភាពក្បាច់គុណល្បុក្កតោឲ្យបានផ្សព្វផ្សាយនៅបណ្តាប្រទេសនានាបន្តទៀតនៅជុំវិញពិភពលោក។

ផលិតករភាពយន្តឯកសារ “Surviving Bokator”ធ្លាប់បានបញ្ជាក់ថា ក្បាច់គុនល្បុក្កតោស្ទើរតែរលាយសាបសូន្យនៅក្នុងអំឡុងចុងទសវត្សឆ្នាំ១៩៧០ ដោយសារគោលនយោបាយបោសសម្អាតវប្បធម៌នៃរបបខ្មែរក្រហម។ក្នុងរឿងនេះបានបង្ហាញពីសកម្មភាពតួអង្គទាំងអស់ ដែលម្នាក់ៗមានគោលបំណងនិងជីវប្រវត្តិដោយឡែកពីគ្នា បង្កើតបានជាការបំផុសគំនិតដ៏សំខាន់មួយសម្រាប់ពិភពលោកអំពី «សមត្ថភាពរបស់ជាតិសាសន៍មួយក្នុងការតស៊ូឆ្លងកាត់ភាពលំបាក ហើយក្រោកឈរឡើងវិញបន្ទាប់ពីមានការបាត់បង់ដ៏ធំធេង»វាក៏បានបង្ហាញពីរឿងរ៉ាវទូលំទូលាយនៃប្រទេសក្រោយសង្គ្រាមមួយ ដែលកំពុងតស៊ូដើម្បីកសាងអត្តសញ្ញាណប្រពៃណីរបស់ខ្លួនឡើងវិញ។

គួរបញ្ជាក់ដែរថាគិត​មក​ត្រឹម​ពេល​នេះ​ ក្រៅ​ពី​អាជីព​ជា​កីឡា​ប្រដាល់​ល្បុក្កតោ តារា​ស្រី​ជើង​ខ្លាំង​រូប​នេះ​បាន​ប្រឡូក​ក្នុង​វិស័យ​កុន​ ដោយ​បាន​សម្ដែង​ក្នុង​រឿង​ធំៗ​ដល់​ទៅ​៨​រឿង​រួច​មក​ហើយ​ ក្នុង​នោះ​មាន​រឿង​២​មាន​លក្ខណៈ​ធំ​ខ្លាំង​ដោយ​ដាក់​បញ្ចូល​ក្នុង​ Netflix គឺ “Jailbreak” និង​ “First They Killed My Father”។ ជុំវិញ​វិស័យ​សម្ដែង​ ថារ័ត្ន​ និយាយ​ថា​ខ្លួន​ស្រលាញ់​វិស័យ​សម្ដែង​មិន​ចាញ់​វិស័យ​កីឡា​នោះ​ទេ ហើយ​នឹង​សង្ឃឹម​ថា​មាន​ឱកាស​សម្ដែង​ក្នុង​រឿង​ថ្មីៗ​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print