ភ្នំពេញ ៖ រថយន្តកាមរីហាយប្រឺកមួយគ្រឿង បានបើកបុកបង្គោលភ្លើងនៅចញ្ចើមផ្លូវR៦តែមិនបង្កឲ្យមនុស្សរងរបួសនោះឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវR៦ កែងផ្លូវR៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រឺត ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6226 ធ្វើដំណើរដោយបុរសម្នាក់ និងមាននារីម្នាក់រួមដំណើរ បាន បើកបរតាមបណ្ដោយផ្លូវR៦ក្នុង ទិសដៅពីជើងទៅត្បូង ខណះមកដល់កែងផ្លូវR៣ ក៏រេចង្កូតឡើងខឿនចញ្ចើមផ្លូវទៅបុកបង្គោលភ្លើងរងការខូចខាតតិចតួច តែរថយន្តបង្កបានបែកកង់មុខ និងកាង តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដែរ តែដោយសារការខូចខាតនេះគឺជាសម្បត្តិឯកជន ទើបសមត្ថកិច្ចឲ្យភាគីខាងរថយន្តសម្របសម្រួលគ្នាជាមួយតំណាងក្រុមហ៊ុន ដោយភាគីខាងរថយន្តព្រមសងថ្លៃខូចខាតទាំងស្រុងទៅលើការខូចខាតដែលបានបង្ក ដើម្បីបញ្ចប់រឿង៕ជ្រោយពេជ្រ