ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដើម្បីបន្តនីតិវិធី ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់សម្ភារៈប្រជាពលរដ្ឋតាមផ្លូវសាធារណៈ)។
ជនសង្ស័យឈ្មោះ ចាន់ សុខពៅ ហៅសុង ពៅ ហៅពៅម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី នៅចំណុចមុខផ្ទះលេខ១៩អា ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថាជនសង្ស័យបានប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ ពណ៌ផ្ទៃមេឃ ) នៅចំណុចផ្លូវលេខ ១៦៣ កែងផ្លូវលេខ៤១៨ ក្រុម២១ ភូមិ៣ សង្កាត់ ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាល ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង២០នាទី។
វត្ថុតាងចាប់យកៈម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០១៩ លេខតួ០០៣២២៧៩ លេខម៉ាស៊ីន០០៣២២៧៩ ពាក់ស្លាកលេខ ភ្នំពេញ១HQ-៣២១៧។
ជនរងគ្រោះឈ្មោះ Zhang LiLi ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ បុគ្គលិកក្រុមហ៊ុន។ សម្ភារៈបាត់បង់ៈកាបូបយួរដៃ ពណ៌ផ្ទៃមេឃ ចំនួន០១, លិខិតឆ្លងដែន ចំនួន០១, ប្រាក់ដុល្លារ ចំនួន ៥០០០ដុល្លារអាមេរិក, ទូរស័ព្ទដៃចំនួន ០២គ្រឿង,បណ្ណបើកបររថយន្ត ចំនួន០១ ៕ជ្រោយពេជ្រ