ខេត្តពោធិ៍សាត់៖ មន្ដ្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើលាច ដោយមានការចូលរួមពីកម្លាំងចម្រុះស្រុកភ្នំក្រវាញប្រមាណជាង ១០នាក់ ចុះបង្ក្រាបជនទុច្ចរិកកំពុងធ្វើសកម្មភាពឈួសឆាយដីព្រៃរបស់រដ្ឋក្នុងនោះរឹបអូសបានត្រាក់ទ័រ ១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។
ប្រតិបត្ដិការបង្ក្រាបត្រាក់ទ័រឈួសឆាយដីព្រៃខាងលើ ប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចតំបន់កោះក្រូច ឬចំការភ្នំ ស្ថិតក្នុងភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
តាមការបញ្ជាក់ពីមន្ដ្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើលាច បានឱ្យដឹងថាត្រាក់ទ័រត្រូវបានបង្ក្រាបម៉ាក គូប៊ូតា ពណ៌ស្លាទុំ កំលាំង អឹម 8540 កំពុងធ្វើសកម្មភាពឈួសឆាយដីព្រៃប្រមាណ ២៥ហិចតា ដោយមានរោងប្រក់តង់កៅស៊ូសនៅចំណុចខាងលើ ប៉ុន្ដែសកម្មភាពបទល្មើសខាងលើ ហាក់បីដូចជាដឹងខ្លួនមុនខណៈសមត្ថកិច្ចចម្រុះចេញដំណើរជិតដល់ ត្រាក់ទ័រប្រព្រឹត្តបទល្មើសឈួសឆាយដីព្រៃរបស់រដ្ឋខាងលើ បានបើករត់គេចខ្លួនទៅចតនៅកន្លែងផ្សេង ប៉ុន្ដែដោយកម្លាំងតាមប្រផាត់ប្រភីងពីក្រោយ ធ្វើឱ្យត្រាក់ទ័រនោះបើកគេចមិនរួច ក៏ត្រូវបានឃាត់តែម្ដង ។ ប្រភពដដែលបន្ដទៀតថា ករណីបង្ក្រាបត្រាក់ទ័រឈួសឆាយដីព្រៃរបស់រដ្ឋ ជំនាញកំពុងកសាងសំណុំរឿង ពាក់ព័ន្ធនឹងដីព្រៃដែលបាន ឈួសឆាយរួច បញ្ជូនមកថ្នាក់លើតាមនីតិវិធី ។ ចំណែកវត្ថុតាងត្រាក់ទ័រ ត្រូវបានដកហូតជាបណ្ដោះអាសន្ន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ។
គួររំលឹកផងដែរមតិមហាជនលើកឡើងស្រដៀងៗគ្នា សមត្ថកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នគួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ ខណៈមានជនទុច្ចរិតកំពុងធ្វើសកម្មភាពឈួសឆាយដីព្រៃរបស់រដ្ឋ ស្ទើរគ្រប់ភូមិឃុំ នៅស្រុកគ្រគរ, ស្រុកភ្នំក្រវាញ, ស្រុកបាកាន និងស្រុកវាលវែង៕
ដោយ៖ ប៉ឹម ពិន