ខេត្តពោធិ៍សាត់៖ បុរសម្នាក់មានជីវភាពទីទ័លក្រ និងជំពាក់លុយគេបន្តិចបន្តួចសោះ សម្រេចចិត្តចងកធ្វើអត្ដឃាតនៅលើផ្ទះរបស់ខ្លួនចោលប្រពន្ធកូន ។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចផ្ទះធ្លុះធ្លាយដ៏កំសត់របស់ជនរងគ្រោះ ស្ថិតក្នុងភូមិទួលម្កាក់ សង្កត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពពីនគរបាលប៉ុស្ដិ៍រដ្ឋបាលរលាបបានឱ្យដឹងថា សពបុរសរងគ្រោះគិតខ្លីខាងលើ ត្រូវបានគេស្គាល់ឈ្មោះ ស៊ុំ សូត អាយុ ៤៩ឆ្នាំ មានប្រពន្ធឈ្មោះ មុំ ញ៉ឹម អាយុ ៥៥ឆ្នាំ និងកូនប្រុសស្រី ចំនួន ៤នាក់ រួមទាំងចៅៗផងនៅក្នុងបន្ទុកគ្រួសារមានទីលំនៅភូមិ.សង្កាត់កើតហេតុខាងលើ ។
នគរបាលប៉ុស្ដិ៍បន្ដថា អ្នកស្រី មុំ ញ៉ឹម ត្រូវជាប្រពន្ធជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ដូចជាគ្មានទំនាស់អ្វីនៅក្នុងគ្រួសារទាល់តែសោះ ដែលបង្កឱ្យកើតមានមូលហេតុ រហូតដល់ប្ដីគាត់គិតខ្លីដូច្នេះ ប៉ុន្ដែគ្រាន់តែដឹងថា មុនកើតហេតុ ប្ដីរបស់គាត់ចេះតែត្អូចត្អែរថា អញ់ចង់តែចងកសម្លាប់ខ្លួន ដោយសារតែទីទ័លក្រគ្មានរបរអ្វីពិតប្រាកដ ម្យ៉ាងជំពាក់លុយគេទារព្រឹកទារល្ងាចផងនោះ ប៉ុន្ដែការជំពាក់លុយគេខាងលើមានចំនួនតែ៥០ម៉ឺនរៀលប៉ុណ្ណោះ មិននឹកស្មានថា គាត់គិតខ្លីបែបនេះទាល់តែសោះ ។
នគរបាលបន្ដទៀតថា សមត្ថកិច្ចបានពិនិត្យយ៉ាងយកចិត្តទុកដាក់ឃើញថា ជនរងគ្រោះបានយកក្រម៉ាពណ៌ស ក្រហម ចងព្យួរនឹងធ្នឹមលើផ្ទះ ទម្លាក់ជើងដល់ក្ដារ ខណៈដែលប្រពន្ធ កូនមិននៅផ្ទះពិតប្រាកដមែន ប៉ុន្ដែសមត្ថកិច្ចនៅមិនបានស្រាយចំណងទេ ដោយក្រុមគ្រួសារស្រាយទម្លាក់ស្មានថា អាចជួយសង្គ្រោះគាត់បាន មុនសមត្ថកិច្ចទៅដល់ ។
ក្រោយពិនិត្យរួច សពត្រូវប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន