សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសិក្ខាសាលា ស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា (២)

ចែករំលែក៖

ទីក្រុងតូក្យូ​ ៖ កន្លងទៅថ្មីៗនេះសម្តេចតេជោ បានដឹកនាំវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ ដែលវេទិកានេះផ្ដល់ឱកាសដល់ផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្របដើម្បីដោះស្រាយ។ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ហើយរាល់ការសម្រេចក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្រ្តី។ ជាលទ្ធផលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមុតស្រួចថ្មីៗមួយចំនួន ដែល ចូលរួមកាត់បន្ថយ ថ្លៃចំណាយធុរកិច្ចរបស់ អ្នកវិនិយោគ សរុបប្រមាណជា ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សំដៅចូលរួមធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។

វិធានការទាំង នោះ រួមមាន៖
ក. ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយធុរកិច្ច
១- ការបញ្ចប់តួនាទីអចិន្ត្រៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះក្នុងការត្រួតពិនិត្យទំនិញនៅតាមច្រកទ្វារអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងទីកន្លែងត្រួតពិនិត្យ ទំនិញ នាំចេញ-នាំចូល ផ្សេងទៀត។
២- ការលុបចោលភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប។
៣- ដូចបានកំណត់ ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ យើងបានចាប់ផ្តើមបញ្ចុះតម្លៃអគ្គិសនីជំហានដំបូងចំនួន២សេនក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ចាប់ពីឆ្នាំ២០១៩នេះតទៅ និងសិក្សាលទ្ធភាពបញ្ចុះថ្លៃជាបន្តបន្ទាប់ទៀត។ កន្លងទៅនេះយើងក៏មានការសោកស្តាយចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់ថាមពលតាមបរិមាណ និងគុណភាពមិនគ្រប់គ្រាន់ដោយកត្តាអាកាសធាតុមិនអំណោយផល ធ្វើឱ្យថាមពលដែលមានប្រភពពីវារីអគ្គិសនីផលិតក្រោមកម្រិតធម្មតា។ នៅឆ្នាំខាងមុខយើងនឹងបន្ថែមការផ្គត់ផ្គង់ក្នុងបរិមាណប្រមាណ ៥០០ម៉េហ្គាវ៉ាត់ ពីប្រភពនានារួមទាំងថាមពលពន្លឺព្រះអាទិត្យ។
៤- ការកាត់បន្ថយ ចំនួនថ្ងៃឈប់សម្រាកបុណ្យ និងទិវាពី ២៨ថ្ងៃ មក ២១ថ្ងៃ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២០តទៅ។
៥- ការបញ្ចុះថ្លៃសេវាលើកដាក់កុងតឺន័រនៅចំណត និងការមិនតម្រូវឱ្យស្កែនកុងតឺន័ររបស់ក្រុមហ៊ុនដែលមានអនុលោមភាពល្អ (Best trader)។
ខ. ក្របខណ្ឌច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា
ការបញ្ចប់សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ឱ្យបានរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០១៩នេះ ដែលច្បាប់ថ្មីទាំងពីរនេះមានគោលបំណងបង្កើនទំនើបកម្ម និងផលិតកម្មនៃឧស្សាហកម្មក្នុងស្រុក ពង្រឹងការតភ្ជាប់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកល មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសេដ្ឋកិច្ចនិងសង្គម។ ជាពិសេស ច្បាប់ថ្មីស្ដីពីវិនិយោគនេះ នឹងផ្ដល់ការលើកទឹកចិត្តបន្ថែមចំពោះ បណ្ដាសកម្មភាពមួយចំនួនលើសពីច្បាប់ចាស់ដូចជា សកម្មភាព ដែលគាំទ្រដល់ការផលិតជំនួសការនាំចូល និងការចំណាយទៅលើសុខុមាលភាពរបស់កម្មករ និយោជិត ដូចដែលក្រុមហ៊ុនជប៉ុន កន្លងមកបានអនុវត្ត ប៉ុន្តែមិនទទួលបានការលើកទឹកចិត្ត។

ជាមួយគ្នានេះ កម្ពុជា-ជប៉ុនកំពុងស្ថិតក្នុងដំណើរការនៃការចរចាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ សង្ឃឹមថា ប្រទេសយើងទាំងពីរនឹងអាចបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះឱ្យបានឆាប់រហ័សនាពេលខាងមុខ។ កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងទាក់ទាញការវិនិយោគ ព្រមទាំងគាំទ្រដល់សកម្មភាពវិនិយោគជប៉ុននៅកម្ពុជា។​

ការវិនិយោគរបស់ជប៉ុនទាំងអស់នៅកម្ពុជា នេះមិនត្រឹមតែនាំមកនូវប្រាក់ចំណេញដល់អ្នកវិនិយោគប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកដល់ការរក្សាស្ថិរភាពយូរអង្វែងនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ក្នុងគ្រប់បរិការណ៍នៃដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួនកម្ពុជាពិតជាត្រូវការ ការវិនិយោគជប៉ុនបន្ថែមកាន់តែច្រើនទៀតលើគ្រប់វិស័យ ពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្មតភ្ជាប់ខ្សែចង្វាក់ ផលិតកម្មក្នុងស្រុកនិងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្មជាដើម។

សម្តេចតេជោ សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុនដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើមឬពង្រីកអាជីវកម្មរបស់ខ្លួន ហើយសម្តេចសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកប ដោយភាពអំណោយផល ជាពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់កិច្ចសម្របសម្រួល រាល់នីតិវិធីរដ្ឋបាល និងអមដំណើរនៅតាមគ្រប់ដំណាក់ាល នៃប្រតិបត្តិការវិនិយោគរបស់ លោកអ្នកនៅកម្ពុជា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print