មេដឹកនាំអាមេរិក និងជប៉ុនបានសន្យា ពង្រឹងទំនាក់ទំនង សម្ព័ន្ធមិត្តកាន់តែជិតស្និត ពេលដែលលោកត្រាំ បំពេញទស្សនកិច្ចទៅលើ នាវាចម្បាំងជប៉ុន នៅទីតាំង ជិតទីក្រុងតូក្យូ ក្នុងថ្ងៃចុងក្រោយនៃ ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅជប៉ុន។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅជប៉ុន ជាកន្លែងលោកមានកិត្តិយសជាមេដឹកនាំបរទេសដំបូងគេ ចូលគាល់ព្រះចៅអធិរាជថ្មីជប៉ុនណារីហ៊ីតូ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំដូចតាមទម្លាប់របស់លោក បានធ្វើនយោបាយការបរទេស ហាក់ដូចជាដោយបុគ្គលលោកផ្ទាល់ ញ៉ាំងឲ្យទាំងសម្ព័ន្ធមិត្តទាំងពួកសត្រូវ ក៏ដូចជាបណ្ដាសហការី ស្ថិតក្នុងសភាពមិនប្រាកដប្រជាជាអចិន្ត្រៃយ៍ និងភ្ញាក់ផ្អើល។
ក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកសីុនហ្សូអាបេ កាលពីថ្ងៃទី២៧ឧសភានៅក្រុងតូក្យូ ពេលគេសួរពីបញ្ហាប្រឈមនានា របស់សហរដ្ឋអាមេរិកនិងរបស់សម្ព័ន្ធមិត្តជិតដិតជប៉ុន លោកត្រាំបែរជាឆ្លើយទៅតាមអ្វីដែលលោកនឹកឃើញ។
ស្ដីពីកូរ៉េខាងជើង លោកថ្លែងផ្ទុយពីការព្រួយបារម្ភនានា ចំពោះការបាញ់មីស៊ីលរយៈខ្លី២លើក កាលពីដើមខែឧសភាដោយក្រុងព្យុងយ៉ាង ដែលរឿងនោះទាំងលោកអាបេដែលឈរក្បែរលោក ទាំងបណ្ដាទីប្រឹក្សារបស់លោកផ្ទាល់សុទ្ធតែនិយាយថា ជាការរំលោភបំពានលើដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប តែលោកថានោះគ្រាន់ជាការបាញ់សាកអាវុធតូចៗប៉ុណ្ណោះ។ អំពីមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុនលោកត្រាំថ្លែងថា បណ្ដាមនុស្សនៅជុំវិញខ្ញុំយល់ថា ការបាញ់មីសីុលរបស់ក្រុងព្យុងយ៉ាងជាការរំលោភបំពានមួយ តែចំពោះរូបខ្ញុំមើលឃើញថា លោកគីមជុងអ៊ុន ជាមនុស្សម្នាក់ដែលប្រហែលជាចង់ទាក់ទាញការចាប់អារម្មណ៍លើរូបលោក។
បណ្ដាភ្នាក់ងារអាមេរិកនិយាយថា លោកគីមជុងអ៊ុនពុំមានចេតនា ណាមួយបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ប៉ុន្តែលោកត្រាំនិយាយថា លោកនៅតែមានទំនុកចិត្តខ្លាំង ចំពោះគំនិតផ្ទាល់របស់មេដឹកនាំកូរ៉េខាងជើង។ លោកថាលោកបាននិយាយគ្នាយ៉ាងច្រើនជាមួយលោកគីម ពីកាលានុវត្តភាពនៃការបើកចំហកូរ៉េខាងជើងចំពោះពួកអ្នកវិនិយោគ ជាជាងប្រមូលផ្ដុំអាវុធនុយក្លេអ៊ែរ ហើយលោកមើលឃើញថា លោកគីមពិតជាមនុស្សវ៉ៃឆ្លាតម្នាក់។
លោកត្រាំនៅរងការរិះគន់នាក្រុងវ៉ាសិុនតោនចំពោះការនិយាយសរសើរជនផ្ដាច់ការមួយរូប ប៉ុន្តែច្បាស់ណាស់លោកបែរជាថាចំអក ឲ្យពួកអ្នកធ្វើអត្ថាធិប្បាយបែបនេះទៅវិញ។ ស្ដីពីអុីរ៉ង់លោកក៏កាន់តែធ្វើឲ្យ មនុស្សនៅជុំវិញលោកមានការភ្ញាក់ផ្អើលខ្លាំងដែរ។ មុនពេលមកកាន់ជប៉ុនលោកត្រាំប្រកាសពីការបញ្ជូនទាហាន១៥០០នាក់ថែមទៀតមកកាន់មជ្ឈឹមបូព៌៌ា បន្ថែមលើនាវាផ្ទុកយន្តហោះមួយគ្រឿង បណ្ដាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 នាវាចម្បាំងឯទៀតៗព្រមទាំងប្រព័ន្ធការពារអាកាសPATRIOT ហើយលោកលើកពីការគំរាមកម្ទេចអីុរ៉ង់ជាផ្លូវការ បើប្រទេសនោះវាយប្រហារលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
ប៉ុន្តែនាថ្ងៃទី២៧ឧសភានៅក្រុងតូក្យូ លោកអះអាងថា អាចរស់នៅជាមួយរដ្ឋាភិបាលអុីរ៉ង់បានឯណាឆ្កុយ។ លោកថាយើងពុំស្វែងរកផ្លាស់ប្ដូររបបក្រុងតេហេរ៉ង់ឡើយ ខ្ញុំគ្រាន់តែចង់ឲ្យរបបនោះមានភាពច្បាស់លាស់ប៉ុណ្ណោះ។ អ្វីដែលយើងចង់បាន គឺអវត្តមាននៃអាវុធនុយក្លេអ៊ែរ។ ខ្ញុំពិតជាពុំចង់បំផ្លាញអុីរ៉ង់ឡើយ។ លោករហូតដល់ថាអាចសម្រេចបានកិច្ចព្រមព្រៀងមួយទៀតផងជាមួយក្រុងតេហេរ៉ង់៕