ភ្នំពេញ ៖ ព្រោះតែប្រច័ណ្ឌប្រពន្ធម្តងហើយម្តងទៀត បានធ្វើឲ្យបុរសម្នាក់ ដែលជាបុគ្គលិកហាងថតរូបយីហោ” ល្អពេញចិត្ត” បានទំនាស់ពាក្យសម្តីជាមួយមិត្តភក្តិរួមការងារ រហូតឈានដល់ការប្រើហិង្សាដោយយកដំបងដែកជ្រុងវាយក្បាលគូទំនាស់ពីក្រោយជាច្រើនដំបង បណ្តាលឲ្យបែកហូរឈាមរហូតដល់ស្លាប់ពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ចំណែកជនដៃដល់រត់គេចខ្លួនបាត់ ។
ករណីវាយនឹងដំបងដែកជ្រុងបណ្តាលឲ្យមនុស្សស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសិប្បកម្មធ្វើស៊ុមរូបថតទីតាំងផ្ទះលេខ១៤៣ ផ្លូវលេខ២៨៦ ក្រុមទី៤៧ ភូមិទី១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពឈ្មោះឈ្មោះ ផុន សាលីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកហាងថតរូបល្អពេញចិត្ត ទីលំនៅភូមិត្រពាំងស្លា ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះឈុន ឌីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកហាងថតរូបល្អពេញចិត្ត ទីលំនៅភូមិ ស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ស្នាក់នៅផ្ទះកើតហេតុ(គេចខ្លួន) ។
តាមប្រភពព័ត៍មានពីឈ្មោះ គុច.កន្និថា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិកហាងថតរូបល្អពេញចិត្ត ទីលំនៅផ្ទះលេខ១៨ ផ្លូវឬស្សីស្រស់ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី ២ខណ្ឌ ច្បារអំពៅ បានអោយដឹងថា កន្លងមកជនសង្ស័យបានប្រចណ្ឌ័ប្រពន្ឋរបស់ខ្លួនជាមួយជនរងគ្រោះ ក៏មានទំនាស់គ្នា តែត្រូវបានម្ចាស់ហាងអប់រំម្តងរួចមកហើយ និងបានបញ្ឈប់ការងារប្រពន្ឋជនសង្ស័យ លុះដល់ថ្ងៃកើតហេតុ ពេលដែលជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទដៃលេង ក៏ស្រាប់តែជនសង្ស័យដើរមកពីក្រោយ យកដំបងដែកជ្រុង វាយទៅលើក្បាលជនរងគ្រោះជាច្រើនដំបងបណ្ដាលឲ្យបែកហូរឈាមហើយគេចខ្លួនបាត់ទៅ ។ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខ តែខាងមន្ទីរពេទ្យមិនទទួលដោយសាររបួសធ្ងន់ធ្ងរពេក ក៏ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ។ ដោយរបួសធ្ងន់ធ្ងរពេក ក៏ដឹកបន្តទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ហើយបានស្លាប់នៅទីនោះ ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមនៅខេត្តតាកែវ ។រីឯជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ ស រស្មី
...