ខេត្តកណ្តាល៖ មនុស្ស២នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តកាមរីបាឡែនបើកបុកម៉ូតូជនរងគ្រោះពីក្រោយ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ភូមិគគីរធំ ឃុំគគីរធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាក តូយ៉ូតា កាមរីបាឡែន ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD -5986 បើកបរដោយឈ្មោះគី ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥ អឺសូន្យ ភូមិ១១ សង្កាត់ជ័យ ជំនៈ ខណ្ឌដូនពេញ ។
ជនរងគ្រោះទាំង២នាក់ជិះ ម៉ូតូម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ២០១៤ ពាក់ស្លាក លេខ ស្វាយរៀង 1D-8970 បើកបរដោយឈ្មោះវ៉ា រ័ត្នធី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង រងរបួសក្បាល ចំណែកអ្នករួមដំណើរជាមួយមានឈ្មោះណៃ គឹមស្រី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិឪម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម រងរបួសបាក់ជើងស្តាំម្ខាងនិងបាក់ដៃស្តាំម្ខាង ។ ជនរងគ្រោះទាំង២នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ។
លោកព្រំ សំណាង អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលកើតហេតុសាក្សីបានឃើញ រថយន្តបង្កនិងម៉ូតូ របស់ជនរងគ្រោះធ្វើដំណើរក្នុងទិសដៅស្របគ្នាពីភ្នំពេញទៅអ្នកលឿង ដោយម៉ូតូបើកបរនៅពីមុខ ។ ទៅដល់ចំនុចកើតហេតុជនរងគ្រោះដែលជិះម៉ូតូបានបើកគេចរ៉ឺម៉កម៉ូតូដែលនៅពីមុខ ចូលមកគន្លងផ្លូវសម្រាប់រថយន្ត ។ គ្រានោះស្រាបរថយន្តបង្កបើកបរក្នុងល្បឿនលឿនជាន់ហ្វ្រាំងដែរតែមិនអាចទប់ល្បឿនបានក៍បុកម៉ូតូជនរងគ្រោះពីក្រោយតែម្តងបណ្តាលអោយអ្នកជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់ទាំងអស់គ្នា ។
លោកអធិការរងបន្តថា ករណីនេះគឺខុសទាំងសង្ខាង ទី១-ជនរងគ្រោះដែលជិះម៉ូតូ បើកប្រជែងរ៉ឺម៉កម៉ូតូចូលមកគន្លងផ្លូវសម្រាប់រថយន្ត ពោលគឺបើកប្រជែងមិនប្រយ័ត្ន , ទី២-អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿនពេលជួបឧបសគ្គនៅពីមុខគេចមិនទាន់ក៍បុកពីក្រោយតែម្តង ។
បច្ចុប្បន្នរថយន្តបង្កនិងម៉ូតូ ជនរងគ្រោះត្រូបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ សណ្តោស