ជនមិនស្គាល់អត្ដសញ្ញាណចូលគាស់ទូរដែក ក្នុងបន្ទប់ក្រុមផលិតឥដ្ឋប្រមូលយកប្រាក់អស់ជាងដប់ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្ដាលៈ ក្រុមហ៊ុនផលិតឥដ្ឋយីហោអអិចមួយកន្លែង ត្រូវបានជនមិនស្គាល់អត្ដសញ្ញាណលួចចូលក្នុងបន្ទប់គាស់ទូរដែកប្រមូលយកប្រាក់អស់ជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧និង១៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យពុំស្គាល់អត្ដសញ្ញាណ រីឯជនរងគ្រោះឈ្មោះ ឡៅ  ស៊ីហ្គុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ក្រុមហ៊ុនផលិតឥដ្ឋ យីហោ អ អិច មានទីលំនៅរាជធានីភ្នំពេញ ។ ចំណែកទ្រព្យសម្បត្ដិបាត់បង់មានប្រាក់ដុល្លារចំនួន១៤៥,១០០ដុល្លារសហរដ្ឋអាមេរិក (ដប់បួនម៉ឺនបួនប្រាំពាន់មួយរយដុល្លារសហរដ្ឋអាមេរិក) ។
ប្រភពដដែលបន្ដថា  នៅវេលាម៉ោង៧និង១៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បុគ្គលិកក្រុមហ៊ុន អ អិច(ផលិតឥដ្ឋ) បានចូលមកចាក់សោរបន្ទប់ បើកទ្វារធ្វើការដូចសព្វមួយដង ខណៈដែលបើកទ្វារ ស្រាប់តែទ្វារបើកមិនរួច មានការងឿងឆ្ងល់ ស្រាប់តែចោលភ្នែកទៅខាងក្រោយបន្ទប់ ឃើញមានស្នាមគាស់បង្អូច មានការសង្ស័យ ក៏រាយការណ៍ជូនសមត្ថកិច្ច នគរបាលប៉ុស្ដិ៍រដ្ឋបាលសិត្បូ ដើម្បីពិនិត្យ ។ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្ដិ៍សិត្បូទទួលបានព័ត៌មានខាងលើរួច ភ្លាមនោះ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ ក៏ចុះមកកន្លែងកើតហេតុ រួចរាយការណ៍បន្ដ ទៅកម្លាំងនគរបាលជំនាញស្រុក ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ឃើញថា ក្នុងបន្ទប់មានភាពមិនប្រក្រតី ចំណែកទូរដែកមានស្នាមរបើក ហើយប្រាក់ដែលទុកក្នុងទូរដែកចំនួនជាង១០ម៉ឺនដុល្លារនោះ ត្រូវបាត់បង់អស់គ្មានសល់ ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចបញ្ចាក់ថា មានជនមិនស្គាល់អត្ដសញ្ញាណ ចូលគាល់បង្អួចបន្ទប់ ធ្វើសកម្មភាពលួចយកលុយដែលជនរងគ្រោះទុកក្នុងទូរដែក ។ ក្រោយពីធ្វើការពិនិត្យចប់ កម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវរកមុខជនសង្ស័យខាងលើ មកអនុវត្ដចាត់ការតាមនីតិវិធច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print