ខេត្តកណ្ដាល ៖ គ្រាប់មីនប្រភេទប្រឆាំងរថក្រោះមួយគ្រាប់ បានផ្ទុះឡើងនៅពេលដែលបុរសម្នាក់យកត្រាក់ ទ័រទៅភ្ជួរស្រែប៉ះចំ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវអាជ្ញាធរមានសមត្ថកិច្ច និងសាច់ញាតិ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ដីស្រែដែលជាចំណុចកើតហេតុនោះ នៅភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល កើតហេតុនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។ ជនរងគ្រោះឈ្មោះ ធី ទី ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរស៊ីឈ្នួលភ្ជួរដីស្រែ រស់នៅភូមិត្រពាំងខ្ទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ រួចបានបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យនៅភ្នំពេញ ដើម្បីធ្វើការជួយសង្គ្រោះ ។
តាមការសន្និដ្ឋានគ្រាប់ដែលផ្ទុះគឺគ្រាប់ប្រភេទប្រឆាំងរថក្រោះ ហៅថាមីនតោន ។ ចំណែកទំហំនៃការខូចខាតត្រាក់ទ័រខូចខាត៧០ភាគរយ និងមនុស្សរងរបួសធ្ងន់ ៕ ដោយ ៖ ជាយក្រុង
...