លោក ឯម ច័ន្ទមករា ៖ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាព ក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការបង្កើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើក កម្ពស់អាជីពសមស្របនិងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា រួមមាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានម្ចាស់កន្លែងកំសាន្តជាដើម។ លោក បានឲ្យដឹងថា ជនពិការពិតជាមានសក្តានុពល ក្នុងវិស័យទេសចរណ៍ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង វិស័យមួយនេះផងដែរ។

លោក ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍»។ សិក្ខាសាលានេះរៀបចំដោយក្រុមការងារសកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តព្រះវិហារ ដោយបានអញ្ជើញភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ជាច្រើននាក់ បានមកទទួលការបញ្ជ្រាបព័ត៌មានជាច្រើនអំពីវិស័យពិការភាពនេះផងដែរ។

លោក ឯម ច័ន្ទមករា បានបន្ថែមថា «កុំគិតថាជនពិការទាំងអស់សុទ្ធតែមានជីវភាពក្រីក្រ តែក៏មានជនពិការមួយចំនួនទៀត មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងហូបចុក ក្នុងសណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗដូចប្រជាពលរដ្ឋធម្មតាៗ»។

លោក ឯម ច័ន្ទមករា បានស្នើឲ្យ ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ និងអ្នកពាក់ព័ន្ធក្នុង វិស័យទេសចរណ៍ ចូលរួមយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលទៅដល់ជនពិការ ដោយបង្កើតឲ្យមាន ជំរាលដែលមាន ភ្នាក់ដៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានជាដើម។ លោកថា ការបង្កើតឲ្យមានជំរាលបែបនេះ មិនមែនជួយបង្កភាពងាយស្រួលទៅដល់ជនពិការនោះទេគឺអាចជួយសម្រូល ដល់មនុស្សចាស់ជរាចីះលើរទេះរុញ និងរទេះរបស់កូនក្មេងជាដើម។

ជាមួយគ្នានោះ លោក ម៉ម វាស នា អគ្គមនាយរងរដ្ឋបាល និងហិរញ្ញាវត្ថុ និងជាអនុប្រធានអចិន្រ្តៃក្រុមការងារសកម្មភាពជនពិការ តំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងគាំទ្រចំពោះការលើកនេះ ហើយ លោកបានបញ្ជាក់ថា ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ បានបេ្តជ្ញាចិត្ត ចូលរួមការងារ គ្រប់សកម្មភាពទាំងផ្នែកច្បាប់ និងសីលធម៌ និងខិតខំរកនូវវិធានការ យុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់នូវផលប៉ះពាល់អវិជ្ជមានទាំងឡាយណា ដែលជះឥទ្ធិពលមកល់ជនពិការ។

លោក ម៉ម វាស នា បានបន្ថែមដោយស្នើអំពាវនាវឲ្យ ភាគីពាកព័ន្ធ ចុះពិនិត្យ និងតាមដានការងារក្នុងវិស័យទេសចរណ៍ឲ្យបាន ច្បាស់លាស់នៅតាមគោលដៅសំខាន់ៗ ដែលក្រុមការងារ សកម្មភាពជនពិការនៃក្រសួងទេសចរណ៍ សហការណ៍ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ទីទេសចរណ៍នានាតាមបណ្តាខេត្ត ជុំវិញការចុះបញ្ជ្រាបព័ត៌មានជាច្រើនអំពីវិស័យពិការភាព ថាតើបានអនុវត្តដ៏កំរិតណា នាពេលកន្លងមក។

បន្ថែមពីលើនេះ លោក លី សារ៉ារឹទ្ធ អភិបាលរងខេត្តខេត្តព្រះវិហារ បានលើកឡើងថា ក្រោមកិច្ចសហការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ គឺមានការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ក្នុងនោះគឺមន្ទីរបានបណ្តុះបណ្តាលបុគ្គលិក និងម្ចាស់ អ្នកគ្រប់គ្រង សេវាកម្មបានជាច្រើននាក់ទៀត។

លោក លី សារ៉ារឹទ្ធ បានបន្តថា ដោយវិស័យទេសចរណ៍ ត្រូបានចាត់ទុកជាមាស​បៃតង និងជាវិស័យអាទិភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត មន្ទីរបានកសាងផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍៥ឆ្នាំ ស្របតាមគោលការណ៍របស់ក្រសួង ហើយទាក់ទងនឹង​ច្រកព្រំដែនអន្តរជាតិនៅក្នុងខេត្តព្រះវិហារ គិតមកដល់ពេលនេះ គឺមានច្រកទ្វារភាគីអានសេះ នៅជាប់ភូមិសាស្រ្តខេត្តឧប៊ុនរាជធានី នៃប្រទេសថៃ នឹងបើកឲ្យដំណើរការក្នុងពេលឆាប់ៗ ដើម្បីឲ្យប្រជាពលរដ្ឋទាំង២ភាគី បានផ្លាស់ប្តូរទំនិញ និងអាចមានលំហូទេសចរ ធ្វើដំណើរចេញចូលតាមច្រកនេះផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print