ភ្នំពេញ ៖ ស្របពេលខ្យល់មូសុងនិរតីចុះខ្សោយ ប្រទេសកម្ពុជានៅតែទទួលចំណែកពីប្រព័ន្ធសម្ពាធទាប ដែលកំពុងបន្តស្ថិតនៅលើតំបន់បឹង អាងទន្លេមេគង្គត្រង់ចំណុចព្រំប្រទល់ប្រទេសថៃនិងប្រទេសឡាវ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ។
យោងតាមការព្យាករ លក្ខណៈបែបនេះបង្ហាញឲ្យដឹងដូចខាងក្រោមនេះ
១-ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម នៅរាជធានីភ្នំពេញនិងបណ្ដាខេត្តភាគខាងក្រោម ពិសេសខេត្តជាប់ព្រំប្រទល់ប្រទេសវៀត ណាម។
២-ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០១៩ ភ្លៀងនឹងចុះខ្សោយស្ទើរទូទាំងប្រទេស។
៣-ចាប់ពីថ្ងៃទី ៥ ខែមិថុនា ភ្លៀងនឹងបន្តធ្លាក់និងមានភាពរាយប៉ាយបានល្អឡើងវិញ ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ក៏បានបន្តអំពាវនាវឲ្យប្រជាព លរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ៕