ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះមកពីព្រះរាជាណាចក្រថៃ នាង ផេនខេក និងតារាចម្រៀងប្រុសល្បីឈ្មោះនៅកម្ពុជា លោក ហ្សូណូ បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍សម្ពោធអាហាដ្ឋានFood Republic ។ កម្មវិធីនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះនៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធីរួមជាមួយវត្តមានភ្ញៀវកិត្តិយស និងសិល្បករជាច្រើនទៀតផងដែរ។
វត្តមានសិល្បករល្បីឈ្មោះនេះប្រទេសទាំងពីរ និងការប្រកាសបើកសម្ពោធអាហាដ្ឋានFood Republic ដំបូងគេនៅកម្ពុជានេះ គឺស្របពេលដែលផ្សារទំនើបអ៊ីអនសែនសុខស៊ីធីអបអរសាទរគម្រប់ខួប១ឆ្នាំនៃការបើកដំណើរការផ្សារទំនើបទី២នៅកម្ពុជា។ ផេនខេក បញ្ជាក់ថា ជាច្រើនលើករួចមកហើយដែលនាងបានធ្វើដំណើរមកកម្ពុជាហើយនាងពិតជារំភើបសម្រាប់វត្តមានឱកាសបើកដំណើរការអាហារដ្ឋានដ៏ពេញនិយមនៅផ្សារទំនើបធំនៅកម្ពុជានាពេលនេះ។ ក្រៅពីបង្ហាញចំណាប់អារម្មណ៍នាងក៏បានបង្ហើរសំនៀងបទចម្រៀងចំនួនពីរបទសម្រាប់អ្នកគាំទ្រជាច្រើនដែលមានវត្តមានក្នុងកម្មវិធី។ ជាមួយគ្នានេះដែរតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ ក៏បានច្រៀងបទចម្រៀង២បទសម្រាប់ស្វាគមន៍ដល់អ្នកគាំទ្រផងដែរ។
នាឱកាសនេះដែរតំណាងផ្សារទំនើបអ៊ីអនម៉លសែនសុខ បានលើកឡើងថា គម្រប់ខួប១ឆ្នាំនៃការបើកដំណើរការផ្សារទំនើបទី២នេះគឺមានការគាំទ្រច្រើនពីអតិថិជន ដែលសរុបមានប្រមាណ១៣លាននាក់ ហើយនេះក៏ជាឱកាសដែលអាហាដ្ឋានFood Republic បានប្រារព្ធពិធីបើកសម្ពោធហាងដំបូងរបស់ខ្លួននាជាន់ផ្ទាល់ដីនៅទីនេះ។
គួរបញ្ជាក់ដែរថាមានដើមកំណើតនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០០៥ Food Republic ជាអាហារដ្ឋានតាមចិញ្ចើមផ្លូវក្នុងប្រទេសនេះជាមួយនឹងតម្លៃសមរម្យ និងរសជាតិឆ្ងាញ់។ បច្ចុប្បន្នអាហារដ្ឋាននេះមានទីតាំងប្រមាណ៥៥កន្លែងនៅក្នុងប្រទេស៧ទូទាំងពិភពលោកហើយនៅអ៊ីអនម៉លសែនសុខគឺជាទីកន្លែងលក់ដំបូងគេបង្អស់នៅកម្ពុជា។ លំនាំអាហារនៅទីនោះគឺស្រដៀងទៅនឹងហាងកាហ្វេ និងភោជនីយដ្ឋាននៅបារាំង ដែលនាំឲ្យអារម្មណ៍អ្នកទៅកាន់ផ្លូវនៅទីក្រុងប៉ារីស ឬហាងតាមផ្លូវនៅបណ្តាប្រទេសនាតំបន់អ៊ឺរ៉ុបដែលរួមមានស្តង់លក់ម្ហូបចំនួន១៣ បញ្ជភេសជ្ជៈ១ និងហាងតូចៗចំនួន៦ដែលមានអាហារលក្ខណៈបែប ខ្មែរ ថៃ ចិន៕ ដោយ វឌ្ឍនា