សាលាដំបូងខេត្តរតនគិរី ដោះលែងជនជាតិវៀតណាម១២នាក់ ដែលយកគ្រឿងចក្រ ចូលឈូសឆាយដីព្រៃឧទ្យានជាតិវិរៈជ័យ

ចែករំលែក៖

ខេត្តរតនគិរី ៖ មន្ត្រីពន្ធនាគារខេត្តរតន គិរី បានឲ្យដឹងថា ជនជាតិវៀតណាមចំនួន ១២នាក់ ឃុំខ្លួនក្នុងពន្ធនាគារខេត្ត ដែលយកគ្រឿងចក្រចូលឈូសឆាយដីព្រៃឧទ្យានជាតិវិរៈជ័យដោយខុសច្បាប់ ត្រូវបានតុលាការចេញដីការដោះលែងទាំងយប់។

លោក អ៊ុក គឹមជុន ប្រធានពន្ធនាគារ​ខេត្តរតនគិរី បានថា លោក រ៉ា បូរ៉ាន់ឌី ចៅក្រមស៊ើបសួរក្នុងសំណុំរឿង បានចេញដីកាបង្គាប់ឲ្យជនត្រូវចោទទាំង១២នាក់នេះនាវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែ​ឧសភា ឆ្នាំ២០១៩ ដោយមានជនជាតិវៀតណាមបើកឡានមកទទួលដល់ពន្ធនាគារតែម្តង។

លោកបានមានប្រសាសន៍ថា «ដោះ​លែង ថ្ងៃព្រហស្បតិ៍ ម៉ោង៥ល្ងាច តាមដីកា​ បង្គាប់​របស់ចៅក្រមស៊ើប»។ លោក អ៊ុក គឹមជុន បានបញ្ជាក់ថា ដីកាដោះលែងនេះចុះហត្ថលេខាដោយលោកចៅក្រម រ៉ា បូរ៉ាន់ឌី ដោយមានការឯកភាពព្រះរាជអាជ្ញា។

លោក រ៉ា បូរ៉ាន់ឌី ចៅក្រមចេញដីកា​បង្គាប់ឲ្យដោះលែងនេះ និងលោកព្រះរាជ​អាជ្ញា ជា ពេជ្រ មិនអាចសុំការបញ្ជាក់បានទេ។ចំណែកប្រភពច្បាស់ការណ៍ផ្សេងទៀត​ បានអះអាងថា បុរសវៀតណាមទាំងនេះ ត្រូវបានដោះលែងនៅវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

សូមរំឭកថា បុរសជនជាតិវៀតណាម ១២នាក់ ដែលបានយកគ្រឿងចក្រចូលឈូសឆាយដីព្រៃឧទ្យានជាតិវិរៈជ័យដោយខុសច្បាប់ ត្រូវបានលោក ឡេង វណ្ណរិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជា​បណ្តោះអាសន្ន កាលពីព្រឹកថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០១៩។

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជា ការកងរាជអាវុធហត្ថ សហការជាមួយក្រុម ចម្រុះខេត្ត ក្រោមបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយន៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរ:មិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ និងគ្រឿងចក្រចំនួន៦គ្រឿងនៅតំបន់ព្រំដែន ក្នុងដីក្រុមហ៊ុននុភាព សុភី ក្នុងភូមិ​សាស្រ្ត ស្រុកតាវែង ក្រោយពីពួកគេលួច​ឆ្លង​ដែន ដឹកនាំគ្រឿងចក្រចូលមកឈូសឆាយដីព្រៃដោយខុសច្បាប់។

យោងតាមឯកសារដែលសមត្ថកិច្ចរក​ឃើញ បញ្ជាក់ថា ជនជាតិវៀតណាមទាំង​១២​នាក់ បានឆ្លងដែនចូលប្រទេសកម្ពុជា តាមរយៈឈ្មោះ សេក វិរៈ ជាតំណាងក្រុមហ៊ុន នុភាព សុភី និងឈ្មោះ VO NGU YEVSA ជាជនជាតិវៀតណាម (មានអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ)។

គួរបញ្ជាក់ថា ក្រុមជនជាតិវៀតណាម ទាំង ១២នាក់នេះ បានឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់តាមច្រកក្នុងព្រៃ ចំណុច បង្គោលការពារព្រំដែនលេខ១៤ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៥០៥(ប៉ុស្តិ៍ភូមិចង)ខេត្តរតនគិរីជាប់ព្រំប្រទល់ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេស​វៀត​ណាម។

ក្រោយមកបុរសវៀតណាមទាំង១២​នាក់នេះ ត្រូវបានប្រគល់ឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បំពេញបែបបទនីតិវិធីបញ្ជូនទៅតុលាការចោទប្រកាន់ និងចេញដីកា​បង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារតែម្តង។

ប្រភពច្បាស់ការណ៍អះអាងប្រាប់ថា ការ​ឃុំខ្លួននេះ មិនបានមួយខែផង ត្រូវបានគេរត់ការប្រញិបប្រញ៉ាប់ ដោះលែងទាំង​យប់ រួចដឹកតាមរថយន្តចេញទៅប្រទេសវៀតណាមទាំយប់នោះតែម្តង ហើយមាន​រថយន្ត២ គ្រឿងដឹកចេញទៅតាមច្រករបៀងព្រំដែនមួយ ក្នុងស្រុកអណ្តូងមាស ខេត្ត រតនគិរី។

ប្រភពដដែលនេះ បានលើកឡើងថា «រឿងខាងលើនេះ គឺជារឿងមិនប្រក្រតី ហើយ សូមឲ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ មេត្តាពិនិត្យបង្កើតក្រុមការងារស៊ើបអង្កេត មួយដើម្បីរកការពិត រឿងពាក់ពន្ធការដោះលែង ជនជាតិវៀតណាមមកកាប់បំផ្លាញព្រៃឈើ​ ក្នុងដែនឧទ្យានទឹកដីកម្ពុជាយើងនេះ»។
ចំណែកប្រជាជន និងមន្ត្រីរាជការ នៅ​ខេត្តរតនគិរី ដែលបានដឹងរឿងនេះ បាន​សម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះស្ថាប័ន​តុលាការខេត្តនេះ ដែលឃុបឃិតដោះរឿងឧក្រិដ្ឋកម្មព្រៃឈើដោយមិនបានស៊ើបសួរឲ្យអស់រឿងហេតុទៅតាមច្បាប់នោះកំណត់។

ពាក់ព័ន្ធករណីនេះ លោក កែវ វិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរីបានប្រាប់អង្គភាពនគរវត្តតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩យ៉ាងដូច្នេះថា «ពិតជាមាន ការដោះលែងជនជាតិវៀតណាមទាំង១២នាក់នោះមែន ប៉ុន្តែមិនមែន លើកលែងការចោទប្រកាន់នោះឡើយ ពួកគេត្រូវបាននៅក្រៅឃុំមានន័យថាដាក់ក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការ ។

បើទោះបីជាតុលាការខេត្តរតនគិរីធ្វើការបកស្រាយយ៉ាងនេះក៏ដោយមជ្ឈដ្ឋានទូទៅរួមទាំងអ្នកច្បាប់បាន រិះគន់ថា ការសម្រេចបែបនេះអាចមានភាពមិនប្រក្រតីចំពោះការ អនុវត្ត យុទ្ធាធិការ សង្ស័យជាប់ពាក់ព័ន្ធទៅនឹងបញ្ហាសំណូករត់ការដោយរួបភាពណាមួយ ។ ពីព្រោះថាជនជាប់ចោទជាជនជាតិវៀតណាម គាត់ឆ្លងដែនមកប្រព្រឹត្ត បទល្មើសលើទឹកដី ខ្មែរដោយខុសច្បាប់ និងគ្មានអាស្រ័យដ្ឋានពិតប្រាកដនៅលើទឹកដីខ្មែរ ដូច្នេះការសម្រេចឲ្យនៅក្រៅឃុំបណ្តោះ អាសន្នតាមនីតិវិធីនេះ មានន័យថា ចៅក្រម ស៊ើបសួរនិងព្រះរាជ អាជ្ញាកំពុងអនុវត្តផ្ទុយ អំពីមូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្ន ។

ក្រុមអ្នកច្បាប់បានគូសបញ្ជាក់ថា យោងតាមមាត្រា២០៥នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា មូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្នគឺការឃុំខ្លួនបណ្តោះអាសន្នអាចត្រូវបានបង្គាប់កាលណាការឃុំខ្លួនបណ្តោះអាសន្ននេះជាការចាំបាច់ ,១-ដើម្បីបញ្ចប់បទល្មើស ឬបង្ការ បទល្មើសកុំឲ្យកើតជាថ្មី ។ ២-ដើម្បីរារាំងកុំឲ្យមានការគាបសង្កត់លើសាក្សី ឬជនរង គ្រោះ ឬដើម្បីរារាំងកុំឲ្យមានការត្រូវរ៉ូវគ្នា រវាងជនត្រូវចោទ និង អ្នកសមគំនិត ។ ៣- ដើម្បីរក្សាភស្តុតាង ឬតម្រុយជាសម្ភារ ។ ៤-ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវីធី ។៥-ដើម្បីការពារសន្តិសុខឲ្យជនត្រូវចោទ និង ៦-ដើម្បី ធានា រក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឲ្យមានការច្របូកច្របល់ដែលបណ្តាលមក ពីបទល្មើស ។

ដូច្នេះការសម្រេចឲ្យនៅក្រៅឧឃុំ បណ្តោះអាសន្នទៅលើជនជាប់ចោទជា ជនជាតិវៀតណាម១២នាក់ទាំងតក់ក្រហល់កាលពីព្រលប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដោយព្រះរាជអាជ្ញា លោក ជា ពេជ្រ និង ចៅក្រមស៊ើបសួរ លោក រ៉ា បូរ៉ាន់ឌី តើគាត់អាចនិងហៅជនជាប់ចោទមកអនុវត្តទោសទណ្ឌ ក្នុងការប្រព្រឹត្តរបស់ខ្លួនបានទេ បើពួកគេត្រូវបានវិល ត្រឡប់ទៅស្រុក កំណើតនៃប្រទេសវៀតណាម ? ម្យ៉ាងវិញ ទៀត ទាំងចៅក្រមស៊ើបសួរ និង ព្រះរាជអាជ្ញាដែលបានសម្រេចឲ្យនៅក្រៅឃុំអាចធានាបានទេថា ពួកគេមិនអាចមកប្រព្រឹត្តបទល្មើសលើទឹកដីខ្មែរសាជាថ្មី? ទាំងអស់ នេះ គឺជាចម្ងល់ ហើយក៏ជាចាត់ទុកថា តុលាការកំពុងថ្លឹងលុយ ជាងការថ្លឹងថ្លែងប្រកបដោយសន្ទានុសិទ្ធិតាមផ្លូវច្បាប់ ស្របពេល ប្រទេសជាតិគ្រប់គ្រងដោយ ច្បាប់ ហើយស្ថាប័នតុលាការជាអំណាច ឯករាជ្យនោះ ៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print