ទស្សនល្ងីល្ងើ ៖ លួចគេថា មិនមែនចោរទៀត!

ចែករំលែក៖

ហាស់ ហាៗៗៗ … នាយជាលសុំសើចបន្តិចចុះនូវចំណាត់ការចំពោះមន្រ្តីប៉ូលិសពាក់ស័ក្តិ៣ម្នាក់ដែលលួចអាយផេតគេល្បីពេញហ្វេសប៊ុក ហើយបែរជាឆ្លើយថា «ច្រឡំ» ធ្វើឲ្យថ្នាក់លើសម្រាលទោសស្រាលដូចសំឡី និងបកស្រាយខុសទំនង ដែលនេះមិនខុសអីនឹងពាក្យចាស់ថា «និយាយរាក់កំភែលដូចក្តិតលោកនេន» នោះឡើយ។

នាយជាលមិនមែនចង់គាស់វាស់ប្រវែងក្នុងរឿងនេះទេ តែបើមិននិយាយ វាហាក់ ដូចជា នៅសង្គមមួយនេះងងឹតពេកហើយ ។ ខ្ញុំចង់ឲ្យអស់លោកជួយពិចារណាទាំង​អស់គ្នាក្នុងកាមេរ៉ាសុវត្ថិភាព ស្តីពីសកម្មភាពលោកប៉ូលិសពាក់ស័ក្តិ៣ឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ ដែលចូលលួចអាយផេតគេហើយ បែរជាឆ្លើយដោះសារបៀប ច្រឡំ តើទំនងទេ ? តាមរយៈកាមេរ៉ាសុវត្ថិភាពនេះគេឃើញតាំងពីដំបូង លោកប៉ូលិស ម្នាក់នេះចូលទៅក្នុងផ្ទះវីង មានភាពក្រឡេមក្រឡឺមដូចចោរ រហូតលូកដៃយកអាយផេត របស់ម្ចាស់ផ្ទះ ពីក្នុងបន្ទប់កញ្ចក់ទៅបាត់ទាំងខ្លួនគ្មានកាន់អាយផេតមកជាមួយផង តើរឿងអីថាច្រឡំ? អាចថាច្រឡំបានល្គឹកណាគាត់កាន់អាយផេតរបស់គាត់ស្រដៀងអាយផេតម្ចាស់ផ្ទះនោះ តែនេះគ្មានសោះ ។

នាយជាលសុំឲ្យជួយពិចារណាទៀតថា រាល់ការបកស្រាយបែបយករួចខ្លួននិងស្តារការអាម៉ាស់ស្តារកិត្តិយសក្នុងគ្រួសារ ក្នុងចំណុចទី២ថា បន្ទាប់ពីច្រឡំយកអាយផេត ម្តាយរបស់ប៉ូលិសនេះបានទូរស័ព្ទប្រាប់ម្ចាស់ផ្ទះវិញ សួរថា តើគាត់បានលេខទូរស័ព្ទម្ចាស់ផ្ទះមកពីណា? បើថាច្រឡំមែន សាមីខ្លួនម៉េចមិនទូរស័ព្ទសុំទោសផ្ទាល់ បែរជា​ឲ្យ​ម្តាយសុំទោសជំនួសទៅវិញ ?

នៅចំណុចទី២ គេអះអាងថាស្ថានភាពក្នុងគ្រួសារលោកប៉ូលិសនេះធូរធារ ជិះសុទ្ធ​តែរថយន្តទំនើប Ranger Rover មិនអាចប្រព្រឹត្តអំពើចោរកម្មបានទេ សួរថាឲ្យតែ អ្នកក្រសុទ្ធតែចោរ ហើយអ្នកមានមិនអាចធ្វើចោរបានទេឬ ? តើដែលឃើញ អ្នកមានម៉ូតូល្អ ឬមានរថយន្តទំនើបៗជិះ ធ្វើចោរឆក់ ចោរលួច ចោរប្លន់ទេ ? អ្នកជិះ ឡិចស៊ីស ៥៧០ឬរថយន្តទំនើបផ្សេងៗ សុទ្ធតែមិនអាចធ្វើចោរបានទេឬ?

រីឯត្រង់ចំណុចទី៣ ម្តាយរបស់ប៉ូលិសម្នាក់នេះអះអាងថា កូនរបស់គាត់អាចមាន បញ្ហាខួរក្បាល សួរថា ឯណាសំបុត្របញ្ជាក់ពីជំងឺសរសៃប្រសាទរបស់គ្រូពេទ្យ? បើគាត់ មានបញ្ហាខួរក្បាល មែនហេតុអីបណ្តោយឲ្យកាន់អាវុធ ឬបើករថយន្ត ? មិនខ្លាចបាញ់ ឬបើកបុកគេឯងទេឬ? ឬមួយអាងបង្កហេតុហើយសុំទោស ឬច្រឡំ​ដូចករណីនេះ ?

នាយជាល សូមឲ្យជួយពិចារណាទៀតថា ចោរលួចពោត លួចមាន់សោះ ពេលគេ ចាប់បានវ៉ៃ ដាក់គុកដាក់ច្រវាក់ប្រឈមមុខច្បាប់ ចុះប៉ូលិសម្នាក់នេះដែលគេចាត់ទុកជាមន្ត្រីយុត្តិធម៌ គួរតែមានតួនាទីជាអ្នកបង្ក្រាបចោរ បែរជាមកធ្វើចោរទៅវិញ តើសម មុខទេ? តើគួរឲ្យខូចពូជប៉ូលិសល្អៗឯទៀតទេ ?

និយាយដល់រឿងនេះធ្វើឲ្យនាយជាលនឹកឃើញចម្រៀងមួយបទរបស់លោក ស៊ីន ស៊ីសាមុត និងលោក មាស សាម៉ន គឺបទ« អាចារ្យបាំងឈើ» ដែលមួយឃ្លានោះ លោកមាស សាម៉នច្រៀងថា« នែវើយអញ មិនមែនចោរទេ! » ឯលោកស៊ីន ស៊ីសាមុត តបវិញថា «លួចគេថាមិនមែនចោរទៀត…»។ ដូច្នេះនិយមន័យរបស់ចម្រៀងនេះមិនខុសនឹងរឿងលោកប៉ូលិសលួចអាយផេតនេះទេ… ហាស ហា ចោរហើយថាមិនមែន ចោរទៀត យ៉ាប់ណាស់លោកប៉ូលិសស័ក្តិ៣អើយ ! ៕ នាយជាល

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print