ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាសម្តែងស្រីវ័យក្មេង អាង សុជាតា ហៅឈូ ឈូ បញ្ចេញបទចម្រៀង Original ថ្មីផ្ទាល់ខ្លួនលើកដំបូងកាលពីរាត្រីថ្ងៃទី០២ខែមិថុនានេះ។ បទ”ជំងឺស្នេហ៍” ជាចំណងជើងនៃបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅបើកក្បាលទំព័រជីវិតជាអ្នកចម្រៀងរបស់តារាស្រីវ័យក្មេងស្រស់សោភារូបនេះ។
ស្ថិតក្នុងផលិតកម្ម បងភ្លើងមេឌៀ អាងសុជាតា បានបង្ហើសំនៀងបែបស្រាលស្រទន់គួរឲ្យចង់ស្តាប់ ស្របពេលដែលអត្ថន័យនៃបទចម្រៀងកំពុងចាក់ចំបេះដូងអ្នកគាំទ្រ។ មានអ្នកស្តាប់ជាច្រើនដែលបានលាន់មាត់សរសើរពីទេពកោសល្យ និងទឹកដមសំនៀងដែលតារាស្រីវ័យក្មេងរូបនេះមាន បើទោះបីជាបទចម្រៀងលើកដំបូងក៏ដោយ។ ឈូ ឈូ បានថ្លែងប្រាប់តាមសារអេឡិចត្រូនិចថា នាងសម្រេចចិត្តបន្ថែមអាជីពចម្រៀងមួយទៀត ស្របពេលដែលការងារសម្តែងកំពុងរីកចម្រើនខ្លាំង។ នាងថា ការសម្រេចចិត្តចូលច្រៀងក្រោយពីការសាកល្បងច្រៀងបទចម្រៀងមួយបទគឺបទ”សម្បថនិស្ស័យ” ដែលត្រូវបានចាក់ក្នុងភាពយន្តភាគរបស់ទូរទស្សន៍បាយ័នរឿង”ភរិយាឥតខាន់ស្លា”កាលពីពេលកន្លងទៅ។ នាងបន្តថាក្នុងផលិតកម្មនេះនាងចុះកិច្ចសន្យាច្រៀង(កុងត្រា) ត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ មិនមានកិច្ចសន្យាលើការសម្តែងទេ។ ទោះជាយ៉ាងណានាងបានដាក់ក្តីរំពឹងខ្ពស់សម្រាប់បទចម្រៀងថ្មីលើកដំបូង។ នាងថាបទដំបូងគឺដើម្បីបំពេញអារម្មណ៍អ្នកគាំទ្រនាងភាគច្រើនជាយុវវ័យហើយបទនេះក៏និយាយអំពីអារម្មណ៍យុវវ័យ ដែលមានស្នេហាដំបូង ហើយនាងក៏មានគម្រោងបញ្ចេញបទចម្រៀងថ្មីដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជននៅពេលដ៏ខ្លីខាងមុខផងដែរ។
គួរបញ្ជាក់ជាកូនស្រីបង្កើតកញ្ញា សឿន ផានផាភួង កុមារីអាង សុជាតា ហៅ ឈូ ឈូ បានចាប់ផ្តើមប្រឡូកការសម្តែងជាមួយនឹងទេពកោសល្យ និងរូបសម្រស់ស្រស់សោភា និងទទួលបានការសរសើរខ្លាំងពីផលិតករ និងទស្សនិកជន។ មានភាពយន្តភាគ ភាពយន្តខ្នាតធំ និងភាពយន្តបែបអប់រំជាច្រើនត្រូវបានតារាស្រីវ័យក្មេងរូបនេះបានចូលរួមសម្តែង។ ទោះបីជារវល់នឹងការងារសិល្បៈច្រើនក៏ម្តាយនាងតម្រូវឲ្យយកចិត្តទុកដាក់លើការសិក្សាបន្ថែមទៀតផងដែរ៕ ដោយ វឌ្ឍនា