ខេត្តព្រះសីហនុ៖ (ដំណឹងជាបឋម) បានអោយដឹងថា៖ កម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយនៅម៉ោងជិត១រសៀលថ្ងៃទី២មិថុនា២០១៩ ។ ខណៈប៉ុន្មានថ្ងៃមុនជននេះប្រព្រឹត្តអំពើឃាតកម្មដ៏សាហាវ ក្រោមការថ្កោលទោសពីគ្រប់មជ្ឈដ្ឋាន។ ប្រភពពីសមត្ថកិច្ចអោយដឹងថា«ជនដៃដល់រួមនិងស្ត្រីម្នាក់ទៀតជាប្រពន្ធ ត្រូវបាននគរបាលចាប់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែងនិងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយដើម្បីរៀបសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។
សូមបញ្ជាក់ថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារាជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា កាលពីល្ងាចថ្ងៃទី២៩ឧសភា២០១៩។ ហេតុការណ៏ធ្វើអោយក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ៕
ដោយ៖ ឆ្លាម សមុទ្រ