លោក ថោ ជេដ្ឋា បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះស្តារប្រឡាយមួយខ្សែប្រវែង ២.៥០០ម៉ែត្រ

ចែករំលែក៖

កំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះស្តារប្រឡាយមួយខ្សែប្រវែង ២.៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំមេព្រីង និងឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីនាំទឹកពីបឹងកិច ទៅស្រោចស្រពស្រូវប្រាំងជូនបងប្អូនប្រជាកសិករប្រមាណជាង ៥០០ ហិកតា ។
លោករដ្ឋលេខាធិការ បានប្រាប់ឱ្យដឹងថា នៅក្នុងស្រុកបាធាយ មានផែនការផលិតស្រូវប្រាំង ចំនួន ១៥.៨០០ ហិកតា ហើយមកដល់ពេលនេះបងប្អូនប្រជាកសិករផលិតបាន ចំនួន ៨.៧៣០ ហិកតាហើយ និងកំពុងបន្តការដាំដុះយ៉ាងមមាញឹក ។ លោករដ្ឋលេខាធិការបន្តថា ជារៀងរាល់ឆ្នាំ តំបន់នេះមិនសូវមានការប្រឈមទេ ប៉ុន្តែឆ្នាំនេះដោយសារទឹកទន្លេមានកម្រិតទាប ពុំបានហូរចូលទៅបំពេញអាងភ្លិចទឹក ព្រែក បឹងបួរធម្មជាតិនានាបានតាមតម្រូវការដែលយើងចង់បាននោះទេ ។ ក្នុងពេលកន្លងមក ក្រុមការងាររបស់យើងក្រសួង ក៏បានចុះប្រមូលទឹកទុកក្នុងអាង ព្រែក បឹងបួរធម្មជាតិ បានចំនួន ១៤ កន្លែង ប៉ុន្តែបរិមាណទឹកដែលយើងបានប្រមូលទុកនោះ ពុំទាន់ឆ្លើយតបបានទៅនឹងតម្រូវការដាំដុះស្រូវប្រាំងជាង ១០.០០០ ហិកតា នោះបានទេ ដូចនេះហើយទើបយើងជីកប្រឡាយនេះ ដើម្បីនាំទឹកពីកន្លែងផ្សេងមកផ្គត់ផ្គង់នៅតំបន់នេះបន្ថែមទៀត ។
លោករដ្ឋលេខាធិការ បានបន្តថា ការងារនេះបានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ ៕ 
    
    
    
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print