ខេត្តបន្ទាយមានជ័យ ៖ ផ្នូរសពបុរាណបុព្វបុរសខ្មែរមួយកន្លែងក្នុងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យដែលជាកន្លែងមន្រ្តីវប្បធម៌ការពារអភិរក្សចាត់ទុកជាបេតិកភណ្ឌជាតិបានរងការជីកកកាយលួចយកវត្ថុបុរាណពីសំណាក់ជនទុច្ចរិតដើម្បីជួញដូរគ្រាដែលវត្ថុបរាណដែលកប់ក្នុងផ្នូរសពបុរាណកំពុងមានហាងឆេងទីផ្សារខ្ពស់។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ លោក យង់ តាំងកួយ ប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចសពផ្នូរបុរាណមួយកន្លែងស្ថិតក្នុងអាងអន្លង់រុត ភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានជនទុច្ចរិតមួយក្រុមបានធ្វើសកម្មភាពជីកកកាយផ្នូរសពបុរាណ ដើម្បីលួចយកវត្ថុបុរាណ ខណៈនោះមន្រ្តីមន្ទីរវប្បធម៌បានទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ។កម្លាំងនគរ បាលការពារបេតិភណ្ឌនៅតំបន់ប្រាសាទបន្ទាយឆ្មាររួមមន្រ្តីមន្ទីរវប្បធម៌បាន ចេញទៅបង្រ្កាបប៉ុន្តែក្រុមជនទុច្ចរិតទាំងនោះដឹងខ្លួនមុនបានរត់គេចខ្លួនបាត់។សមត្ថកិច្ចបានរឹបអូសនូវម៉ូតូជនល្មើស៣គ្រឿង សម្ភារៈចបជីកចំនួន៣ដើម ចបកាប់ចំនួន៣ដើម ដែកចាក់ចំនួន៣ដើមនិងសម្ភារៈមួយចំនួនទៀតផងដែរ។
លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងទៀតថា ផ្នូរសពបុរាណបុព្វបុរសខ្មែរចាត់ទុកជាបេតិកភ័ណ្ឌជាតិដែលមានតម្លៃជាវត្តិសាស្រ្តត្រូវការពារអភិរក្សរក្សាទុកឱ្យបានគង់វង្ស។ពីព្រោះថាផ្នូរសពបុរាណមានអាយុកាលយ៉ាងហោចណាស់២៥០០ឆ្នាំមកហើយ។ផ្នូរសពបុរាណត្រូវបានអង្គការUNESCO ចាប់អារម្មណ៍ ចាត់ទុកជាបេតិកភណ្ឌ ដែលមានតម្លៃជាសកល។ បច្ចុប្បន្នផ្នូរសពបុរាណនៅក្នុងខេត្តបន្ទាយមានជ័យមានប្រមាណ៣២ទៅ៣៣កន្លែង។
ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ លោក យង់ តាំងកួយ ប្រាប់ឱ្យដឹងទៀតថា ចំពោះ ជនទុច្ចរិតដែលជីកកកាយសពផ្នូរបុរាណដើម្បីលួចយកវត្ថុបុរាណ ធ្លាប់រងការចាប់ខ្លួនបាន១នាក់មកហើយក្នុងស្រុកថ្មពួកនិងបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ដោយឡែកករណីជនទុច្ចរិតជីកកកាយផ្នូរសពបុរាណខាងលើកម្លាំងសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវវែកមុខដើម្បីស្វែងរកចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់ផងដែរ ៕សំ វិច្ឆិកា
...