អង់គ្លេស ចាប់ផ្តើមហោះហើរ ទៅកាន់ប៉ាគីស្ថាន ក្រោយផ្អាក១១ឆ្នាំ

ចែករំលែក៖

ទំនាក់ទំនងរវាងអង់គ្លេស និងប៉ាគីស្ថាន​ ​កំពុងតែល្អប្រសើរជាងមុន ក្រោយពេល អាកាសចរណ៍ British Airways បានបន្តការហោះហើររបស់ខ្លួនឡើងវិញ ទៅកាន់ប្រទេសអាស៊ី ភាគខាងត្បូងមួយនេះ បន្ទាប់ពីរយៈពេលជាង១ទសវត្សរ៍ បានផ្អាកសកម្មភាព ដោយសារតែការវាយប្រហារបំផ្ទុះគ្រាប់បែក នៅសណ្ឋាគារមួយ ក្នុងរដ្ឋធានី នៃប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សជិតហុកសិបនាក់ ។ 

ប្រភពព័ត៌មានដដែល បានបន្តថា ជើងហោះហើរ បានចាប់ផ្តើមចេញដំណើរពីថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះតទៅ រវាងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងអ៊ិស្លាម៉ាបាដ រដ្ឋធានី នៃប្រទេសប៉ាគីស្ថាន។ ការហោះហើរនេះ មានរយៈពេលបីជើង ក្នុងមួយសប្តាហ៍ ហើយដំណើរការហោះហើរនេះ ស្របពេលពិធីបុណ្យ Eid al-Fitr ជិតឈានចូលមកដល់ ពោលគឺក្រោយពីពិធីបុណ្យសាសនាអ៊ិស្លាម រ៉ាម៉ាដន ត្រូវបានបញ្ចប់។

បណ្តាញទូរទស្សន៍រដ្ឋប៉ាគីស្ថាន បានផ្សាយថា លោក Ghulam Sarwar រដ្ឋមន្ត្រីអាកាសចរណ៍ប៉ាគីស្ថាន និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត បានស្វាគមន៍ប្រកបដោយទឹកចិត្តរីករាយ ចំពោះការមកដល់ នៃយន្តហោះដឹកអ្នកដំណើរ ស្ថិតក្នុងអាកាសយានដ្ឋាននេះ។ នៅក្នុងពិធីបើកឲ្យដំណើរការ នៃការហោះហើរឡើងវិញនោះ ក៏មានវត្តមានរបស់លោកThomas Drew ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅប៉ាគីស្ថាន ផងដែរ ។

គួររំឭកថា អាកាសចរណ៍ British Airways បានផ្អាកប្រតិបត្តិការរបស់ខ្លួនយ៉ាងទាន់ហន់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៨ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក នៅសណ្ឋាគារ Marriott កណ្តាលទីក្រុងអ៊ិស្លាម៉ាបាដ (Islamabad) ដោយបានសម្លាប់មនុស្សតិចបំផុត៥៤នាក់ និងរបួស២៧០នាក់៕ 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print