ផ្ទះប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ៣៤ខ្នងរងការបំផ្លាញដោយខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ខណៈក្រសួងធនធានទឹកនិងឧតុនិយមប្រកាសជូនដំណឹងឲ្យប្រជាជនមានការប្រុងប្រយ័ត្នបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ​ផ្ទះប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន៣៤ខ្នងបានរងការបំផ្លាញដោយខ្យល់កន្រ្តាក់  ។
ហេតុការណ៍ខ្យល់កន្រ្តាក់កើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ប៉ះពាល់ចំនួន៤ភូមិ ស្ថិតក្នុងឃុំតាបែន ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ។សេចក្តីរាយការណ៍ឱ្យដឹងថាខ្យល់កន្រ្តាក់នោះមិនបង្កឱ្យប៉ះពាល់គ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយចេកឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋរងគ្រោះទាំង៣៤ខ្នងបានរងការខូចខាតធ្ងន់និងស្រាល។ក្នុងនោះប៉ះពាល់ផ្ទះនៅភូមិតាបែន ១៣ខ្នងរបើកស័ង្កសី២០២សន្លឹក,ភូមិអូរវែងត្បូងប៉ះពាល់ផ្ទះ១២ខ្នងរបើកស័ង្កសី១៤៥សន្លឹក,ភូមិគោករកាប៉ះពាល់ផ្ទះ៣ខ្នងរបើកស័ង្កសី​៣៦​សន្លឹក,ភូមិគោកតាឯកផ្ទះ៦ខ្នងរបើកស័ង្កសី១៥០សន្លឹក។

បើយោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកស្វាយចេកឱ្យដឹងទៀតថា ក្រោយ​ពីហេតុការណ៍ខ្យល់កន្រ្តាក់បង្កការខូចខាតផ្ទះប្រជាពលរដ្ឋ៣៤ខ្នង នៅក្នុងឃុំតាបែន ស្រុកស្វាយចេកនោះហើយ គេឃើញនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ អភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំ រាត្រី បានដឹកនាំកម្លាំងនគរបាល កម្លាំងយោធា និងអាជ្ញាធរមូលដ្ឋាន ជិត៤០០នាក់ចុះទៅអន្តរាគមន៍ជួយរុះរើនិងកសាងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញ ។​

មិនតែប៉ុណ្ណោះលោកអភិបាលខេត្តបន្ទាយមានជ័យក៏បានសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះខូចខាតបាត់បង់ផ្ទះសំបែងហើយក៏បានឧបត្ថម្ភ ស័ង្កសី៥៣៣សន្លឹកនិងថវិកា១គ្រួសារ១០ម៉ឺនរៀលដែលជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន ប្រធានអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដើម្បីដោះស្រាយការលំបាកបានមួយគ្រា ។

សូមបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹង ថា កម្ពុជាបានរងនូវសម្ពាធទាបដែលអូសបន្លាយលើកម្ពុជាកួបផ្សំនិងខ្យល់មូសុងនិរតី អាកាសធាតុបែបនេះនិងចាប់ពីថ្ងៃទី៥រហូតដល់ថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៩ និងមានភ្លៀងធ្លាក់កម្រិតមធ្យមទៅបង្គួរ និងកន្លែងខ្លះអាចធ្លាក់ខ្លាំង ទន្ទឹមនោះក៏មានបាតុភូតផ្គររន្ទះនិងខ្យល់កន្រ្តាក់ផងដែរ ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print