ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងបានបើកក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូដែលជិះបញ្ច្រាស់ទិសគ្នាត្រង់ចំណុចផ្លូវកែង ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់បុរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ១១៣កែងផ្លូវ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉ែវ៉ូ ពណ៌្មខ្មៅពាក់ស្លាកលេខ ភ្នំពេញ1S.8459 ជិះក្នុងទិសដៅពីជើងទៅត្បួង(ផ្លូវ១១៣)ក្នុងល្បឿនល្មម ខណះមកដល់ពាក់កណ្ដាលផ្លូវ២៧៨ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បើកតាមបណ្ដោយផ្លូវ២៧៨ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនហើយបានមកបុកម៉ូតូពេញទំហឹងត្រង់ចំណុចផ្លូវកែង បណ្ដាលឲ្យបុរសម្នាក់បាក់ភ្លៅស្ដាំម្ខាង និងដៃឆ្វេងម្ខាង(របួសធ្ងន់) ។
ក្រោយពេលកើតហេតុភ្លាមៗរថយន្តបង្កបានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនមួយកន្លែង ចំនែកឯម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ