ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដហាយឡាក់វីហ្គូរមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មរពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយបាក់អស់ចំនួន០៧កង់ ហើយរថយន្ដបានក្រឡាប់ផ្ងារជើងត្រូវបានអ្នកនៅជិតកន្លែងកើតហេតុនាំគ្នាជួយលើករថយន្ដអោយឈរជាធម្មតាវិញ តែមិនបណ្ដាលអោយអ្នបើករថយន្ដរងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង៥០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ ព្រះមុន្នីវង្ស ទុលមុខក្រសួងរៀបចំដែនដីនគររូបណីយកម្ម និងសំណង់ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាក ហាយឡាក់វីហ្គូរ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-4636 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលបុករបាំងថ្មរពុះចែកទ្រូងផ្លុូវពេញទំហឹងបណ្ដាលបាក់អស់ចំនួន០៧កង់។
ប្រភពដដែលបានបន្តថាពេលដែលបុករួចហើយរថយន្ដបានក្រឡាប់ផ្ងារជើង តែមិនបណ្ដាលអោយអ្នកបើករថយន្ដរងរបួសនោះទេ។ក្រោយមកប្រជាពល់រដ្ឋដែលនៅជិតកន្លែងកើតហេតុបាននាំគ្នាជួយលើករថយន្ដអោយឈរជាធម្មតាវិញ ដោយរងការខូចខាតផ្នែកខាងមុខទាំងស្រុង។ ចំណែកម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទូចយករថយន្ដបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ