ភ្នំពេញ៖ រឿងមិនប្រក្រតីនេះ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្នងការរាជធានី-ខេត្ត តាមចាប់ខ្លួនបុរសម្នាក់ ដែលដើរបោកប្រាក់គេដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។
ដើម្បីការពារមុខមាត់ភាពយុត្តិធម៍ ការប្រឡងចូលក្របខ័ណ្ឌនគរបាលជាតិដោយស្របច្បាប់ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវស្រាវជ្រាវជាបន្ទាន់ និងចាប់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពដើរបោកប្រាក់ប្រជាពលរដ្ឋ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមិនបាច់ឆ្លងកាត់ការប្រឡងជ្រើសរើសនោះឡើយ។ ការធ្វើបែបនេះ គឺបុគ្គលរូបនោះ មានចេតនាទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋ និងធ្វើអោយប៉ះពាល់ក្របខណ្ឌនគរជាតិធ្ងន់ធ្ងរបំផុត។
បើមន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖ ក្រោយទទួលបានព័ត៌មាននេះ នាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានស្រាវជ្រាវដូចគ្នាផងដែរ ទៅលើបុគ្គលរូបនោះ ដែលមានរូបថតពាក់ឯកសណ្ឋានគរបាលជាតិដែរនោះ គឺមិនមានឈ្មោះក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិនោះទេ។
មន្ដ្រីនគរបាលជាតិខ្ពស់រូបនេះ បានប្រាប់បណ្ដាញសារព័ត៌មាន ក្នុងមួយឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះយ៉ាងដូច្នេះថា «នាយឧត្តមសេនីយ៍ អគ្គស្នងការ បានដាក់បទបញ្ជាឲ្យស្នងការរាជធានី-ខេត្ត ដែលបង្ហោះតាមបណ្ដាញសង្គមថា រើសក្របខ័ណ្ឌចូលប៉ូលីសយកលុយ។ ឥលូវខាងបុគ្គលិកត្រួតពិនិត្យទៅឈ្មោះនេះ មិនមានក្នុងក្របខ័ណ្ឌប៉ូលីសនោះទេ ដូច្នេះគ្រប់ស្នងការទាំងអស់ត្រូវស្រាវជ្រាវរក ហើយឃាត់ខ្លួនជាបន្ទាន់»។
យ៉ាងណាក៏ដោយ បុគ្គលដែលនាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្រាវជ្រាវ និងចាប់ខ្លួនជាបន្ទាន់នោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមទម្លាយថា មានឈ្មោះ ឆាយ ឆដា និងប្រើប្រាស់គណនី Facebook ឈ្មោះ «Chhay Chorda» ប៉ុន្ដែគេមិនបានបញ្ជាក់ថា បុគ្គលរូបនេះមានទីលំនៅនៅកន្លែងណានោះទេ។ ម្យ៉ាងទៀតកំពុងស្ថិតក្នុងដំណើរការស្រាវជ្រាវពីសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៍ តាមបញ្នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជៀសវាងប្រជាពលរដ្ឋងាយនិងចាញ់បោកជនខិលខូចទាំងនេះ៕