ភ្នំពេញ៖ ប្រថុយប្រថាននឹងគ្រោះថ្នាក់ចំពោះសុខភាពព្រោះតែប្រមូលសម្រាមក្នុងលូទឹកស្អុយបឹងត្របែកយុវជនមួយក្រុម មានឈ្មោះថា”យុវជនសម្រាម” នៅតែបន្តចូលរួមសកម្មភាព និងយុទ្ធនាការផ្ញើសាអប់រំទៅកាន់ប្រជាពលរដ្ឋក្នុងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។ សានេះមានតាមរយៈការផលិតវីដេអូខ្លី ន័យជ្រៅជំរុញឲ្យពលរដ្ឋយល់ដឹងបន្ថែមជុំវិញការរក្សា និងទុកដាក់សម្រាម។
សម្រាមមានភាគច្រើនថង់ប្លាស្ទិកដែលបានអណ្តែតនៅតំបន់លូបឹងត្របែកបានក្លាយជាប្រធានបទរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។ កាន់តែក្តៅគគុកក្រោយពេលគេបានឃើញយុវជនមួយក្រុមបានព្យាយាប្រមូលសម្រាមចេញពីលូទឹកស្អុយស្ទើរៀងរាល់ថ្ងៃដែលមានភ្លៀងធ្លាក់។ បន្ថែមពីការប្រមូល វីដេអូអប់រំខ្លីត្រូវបានផលិតឡើងដោយយុវជនទាំងនោះ ខណៈដែលក្រុមការងាររបស់ពួកគេនោះមានទាំងសិល្បករចូលរួមផងដែរ។
តារាសម្តែង លោក ស្រេន វុធថា បញ្ជាក់ថាលោកបានចូលរួមដឹកនាំសម្តែងការផលិតវីដេអូអប់រំរយៈពេល៤នាទីនេះ រួមជាមួយសិល្បករ និងក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីជាសារក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការយកចិត្តទុកដាក់លើបញ្ហាសម្រាម ពិសេសចង់ឲ្យពរលរដ្ឋគួរមានធុងសម្រាមផ្ទាល់នៅតាមផ្ទះនីមួយៗ។ លោកថាវីដេអូនេះចំណាយការផលិតរយៈពេល២ថ្ងៃប៉ុណ្ណោះ ហើយបើទោះបីជាវីដេអូមួយនេះមិនបានចូលរួមចំណែកធំធេញធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំងចំពោះឥរិយាបទនៃការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវក្តីក៏លោកសង្ឃឹមថាជាសារមួយជួយដាស់តឿនក្រើនរំលឹកដល់ពលរដ្ឋដែលបានទស្សនាមួយចំណែកផងដែរ។
លោកនិងយុវជនសម្រាមនៅតែបន្តឆន្ទៈចូលរួមសកម្មភាពសង្គមនានា ពិសេសការចូលរួមដោយផ្ទាល់លើការសម្អាតសម្រាមមួយចំណែក និងជួយអប់រំផ្សព្វផ្សាយឲ្យពលរដ្ឋមានការយល់ដឹងអំពីបញ្ហាសម្រាមបន្តទៀត និងស្ថិតក្រោមពាក្យស្លោក”សម្រាមត្រូវតែនៅក្នុងធុងសម្រាមជានិច្ច”៕ ដោយ វឌ្ឍនា