ខេត្តកំពុំង់ចាម ៖ ពិតជាសង្វេកខ្លាំងណាស់ រហូត មាន ក្មេងប្រុសស្រី៤នាក់ក្នុង ចំណោម៦នាក់ បានលង់ទឹកស្រះស្លាប់ បន្ទាប់ពីពួកគេនាំគ្នាទៅរើសយកគ្រាប់ស្វាយចន្ទីនៅក្នុងដីឡូត៌មួយកន្លែង មានចំងាយពីភូមិ ប្រហែល១៥០០ម៉ែត្រ ហើយពួកគេក៏បានបន្តទៅលេងស្រះទឹក ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិត នៅចំណុចគីឡូលេខ៦ ក្នុងភូមិបែកអន្លូង ឃុំអរក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្មេងទាំង៤នាក់ដែលលង់ទឹកស្រះស្លាប់ខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ ១- ជន លីតា អាយុ១២ឆ្នាំ ២-ជន ជូ ភេទប្រុស អាយុ១០ឆ្នាំ ជាបងប្អូនបង្កើត ,៣-រ៉េត ណូយ ភេទស្រី អាយុ១៣ឆ្នាំ និង៤-ឈ្មោះ ហង្ស ហ៊ី ភេទប្រុស អាយុ១១ឆ្នាំ ។ ក្មេងទាំង៤នាក់ខាងលើមានទីលំនៅ ភូមិឃុំកើតហេតុ ហើយអ្នកដែលផុតពីសេចក្តីស្លាប់ឈ្មោះ ឆើង ឆៃលាង ភេទប្រុស អាយុ៨ឆ្នាំ និងឈ្មោះ ពេជ្រ ពី ភេទប្រុស អាយុ៦ឆ្នាំ ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា ក្មេងទាំង៦នាក់ខាងលើបាននាំគ្នាចូលចម្ការស្វាយចន្ទីដើម្បីរើសគ្រាប់ ហើយពេលរើសបានពួកគេដើរសំដៅ មកស្រះទឹក ដែលម្ចាស់ជីកស្តុកបូមស្រោច ដំណាំទុកសម្រាប់រដូវប្រាំង ហើយពួកគេក៏នាំគ្នាចុះលេងទឹកនោះលង់ស្លាប់៤នាក់តែម្តង ។
ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចមក ក៏ប្រគល់សពក្មេងទាំង៤នាក់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងតាមប្រពៃណី ៕ វណ្ណៈ