ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់បានប្រើល្បីចូលទៅទិញទូរស័ព្ទដៃនៅកន្លែងលក់ទូរស័ព្ទមួយកន្លែងនៅត្រង់ចំណុចផ្សារព្រែកលួង ស្ថិតក្នុងភូមិតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ពេលម្ចាស់ភ្លេចខ្លួនជនសង្ស័យបានយកទូរស័ព្ទដៃដែលខូចទៅដូរយក ទូរស័ព្ទអាយហ្វូនថ្មីរបស់ជនរងគ្រោះជាម្ចាស់ហាង។ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចាប់ខ្លួនភ្លាមៗរួមជាមួយវត្ថុតាង បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ខន សុខេងភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ ជា កក្តដា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះជាម្ចាស់ទូរស័ព្ទអាយហ្វូនហ្វាយមានឈ្មោះ ញ៉ិម លឹមហូរ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជា អ្នកលក់ទូរស័ព្ទ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើបានជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ1AF-0027 ចូលទៅសួរនាំទិញទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយមួយគ្រឿងពីជនរងគ្រោះជាម្ចាស់ហាង។ ពេលនោះជនរងគ្រោះក៏បានយកទូរស័ព្ទចេញពីក្នុងទូកញ្ចក់ប្រគល់ឲ្យជនសង្ស័យទាំង២នាក់មើល ខណៈដែលជនរងគ្រោះរវល់លក់ទូរស័ព្ទឲ្យអតិថិជនផ្សេងទៀត ជនសង្ស័យបានយកទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយដែលខូចដូរប្រគល់ទៅឲ្យជនរងគ្រោះវិញ រួចជិះម៉ូតូចេញជាធម្មតា ។
ប្រភពដដែលបានបន្តថា ពេលជនសង្ស័យជិះម៉ូតូចេញបាត់ហើយនោះ ជនរងគ្រោះមើលទូរស័ព្ទថាមិនមែនជារបស់ខ្លួន ក៏តេទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ ។ ភ្លាមៗនោះដែរសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅត្រង់ចំណុចកំពង់ដរស្វាយជ្រំ រួមជាមួយវត្ថុតាងជាក់ស្តែងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ