បុរសម្នាក់បានស្លាប់បន្ទាប់ពីត្រូវរថយន្តធុនធំបុក និងកិនបន្ថែមពីលើខណៈដែលជនរងគ្រោះជិះម៉ូតូបុករថយន្តកាមរីដួលទៅលើផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម បន្ទាប់ពីបុរសរូបនេះជិះម៉ូតូបុករថយន្តកាមរីបត់ឆ្លងផ្លូវពេញមួយទំហឹង  ដួលបោកទៅលើផ្លូវស្របពេលនោះមានរថយន្តធុនធំមួយគ្រឿងទៀតបើកមកដល់បុក និងកិនពីលើបន្ថែមអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង២០ និង៣៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ។

20151217191828

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជា កម្មរោងចក្រ មានទីលំនៅក្នុងភូមិតាំងក្រទួត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក Yamaha Jupiter ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ដោយឡែករថយន្តកាមរី ស៊េរី២០០៧ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2J-0537 បើកបរដោយឈ្មោះ ថុង លៀងឃាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជា ថៅកែដេប៉ូប្រេងតេលា មានទីលំនៅក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម្ចាស់ដេប៉ូប្រេងតេលាបើករថយន្តកាមរី ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវជាតិលេខ៤ ហើយបានបត់ចង្កូតចូលទៅក្នុងដេប៉ូរបស់ខ្លួន ខណៈនោះស្រាប់តែជនរងគ្រោះខាងលើនេះជិះម៉ូតូក្នុងទៅដៅបញ្ច្រាសទិសគ្នាទៅបុកចំគូថផ្នែកខាងក្រោយនៃរថយន្ត បណ្តាលឲ្យដួលបោកទៅលើផ្លូវ ។ ភ្លាមនោះដែរស្រាប់តែមានរថយន្តធុនធំមួយគ្រឿងទៀតបើកមកដល់បុក និងកិនពីលើជនរងគ្រោះបន្ថែមទៀតអូសជាង២០ម៉ែត្រស្លាប់យ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍រថយន្តធុនធំដែលបុក និងកិនពីលើជនរងគ្រោះនោះបានបើកគេចទៅទិសខាងកើតបាត់ស្រមោល ។ ដោយឡែករថយន្តកាមរីនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

20151217191833

20151217191830

20151217191821

...

ដោយ៖ ស្អាងជ័យ     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print