ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ក្រោយពីស្រែកឡូឡា និងវាយបំផ្លាញសម្ភារៈបន្ទប់ជួលបង្កការភ្ញាក់ផ្អើលហើយសមត្ថកិច្ចរកឃើញថ្នាំញៀន៤កញ្ចប់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងបន្ទាប់ពីម្ចាស់ផ្ទះជួលបានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាមានបុរសម្នាក់បានអុកឡុកស្រែឡូឡា និងវាយបំផ្លាញសម្ភារៈក្នុងបន្ទប់ជួលធ្វើអោយពួកគាត់ភ័យខ្លាច នៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅបន្ទប់ជួលលេខ១០ជាន់ទី១ ក្រុម២ ភូមិទឹកថ្លា១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនខាងលើឈ្មោះព្រំ ឧកញ៉ា ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១០ជាន់ទី១ ក្រុម២ ភូមិទឹកថ្លា១ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ មានស្រុកកំណើតនៅសង្កាត់លេខ៤ ភ្នំពេញ ។ បើមើលអាស្រ័យដ្ឋានតាមអត្តសញ្ញាណប័ណ្ណស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។ ចំណែកម្ចាស់ផ្ទះជួលឈ្មោះតាំ ហុង ភេទប្រុស អាយុ៣២ឆ្នាំមុខរបរជាអ្នកមើលខុសត្រូវបន្ទប់ជួលស្នាក់នៅ៦២L ផ្លូវ១០១៩ ក្រុម២ ភូមិទឹកថ្លា១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនចាប់ខ្លួនជនខាងលើគឺម្ចាស់ផ្ទះបានឃើញជននេះឡូឡា និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងបន្ទប់ក៏មករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះទៅអត្តរាគមន៍ ក្រោយសមត្ថកិច្ចចុះទៅដល់ប្រទេះឃើញជនសង្ស័យកំពុងដេកក៍ឃាត់ខ្លួននិងបានប្រទេះឃើញក្នុងបន្ទប់ជួលមានគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន៣កូនថង់តូច និង១ថងធំរួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត ៕




...
ដោយ៖ តុង សីហា